ខេត្តស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយ រថយន្តម៉ាកហ៊ីយ៉ាន់ដាយប្រើប្រាស់ល្បឿនលឿនទៅបុករថយន្ត៣គ្រឿងបន្ត កន្ទុយគ្នា ផ្អើលអ្នកធ្វើដំណើរ តែសំណាងមនុស្សរងរបួសស្រាលនៅស្រុកស្វាយជ្រំ។
យោងតាមនគរបាលស្រុកស្វាយជ្រំ បានអោយដឹងថា កាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនឹង រថយន្ត៤គ្រឿងបុកបន្តកន្ទុយគ្នាក្នុងទិសដៅស្របគ្នាពីកើតទៅលិច នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១១១-១១២ស្ថិតនៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ប្រភពបន្តថា មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ៣D-៤៩៩៩ បើកបរដោយឈ្មោះហៀម សង្ហា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិត្រពាំងគរ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយធ្វើដំណើរលើផ្លូវជាតិលេខ១ក្នុងល្បឿនលឿន ខណៈ បើកមកដល់ចំណុចកើតហេតុក៏បានបុក រថយន្តម៉ាក LEXUS LX ៥៧០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកម្ពុជា H.H.០៩១៩ បើកបរដោយឈ្មោះ ហៀង រ៉ាវី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបរ ហើយរថយន្តLEXUS LX ៥៧០បានទៅបុករថយន្តម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២Z-១៩២២ បន្ថែមទៀតដោយអ្នកបើកបរមានឈ្មោះ ធំ ធៀង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិគោករុន ឃុំមុខប៉ែន ស្រុកពូក ខេត្តសៀមរាប មានអ្នករួមដំណើរឈ្មោះ វង សាវីន ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន រងរបួសស្រាល រស់នៅភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ រួចហើយរថយន្តម៉ាកLEXUS LX៥៧០បានទៅបុករថយន្តម៉ាក LEXUS RX ៣៣០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២AX-៦២៧៩ បេីកបរដោយឈ្មោះ សន វុត្ថា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង អ្នកបើកបរគ្មានរបួស រថយន្តខូចខាតស្រាល ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយត្រូវបានសមត្ថកិច្ចនាំយកមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីសួរនាំនិងបានត្រួតពិនិត្យវាស់ជាតិអាល់កុល (គ្មានជាតិអាល់កុល0.00mg/L) និងធ្វើតេស្តរកសារជាតិញៀនអវិជ្ជមាន។
ក្រោយមក លោកអធិការនគរបាលស្រុកបានរាយការណ៍ជូនលោកស្នងការ និងដោយមានការឯកភាពពីលោក ខាំ សុផារី ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង តាមរយៈទូរស័ព្ទtelegram ទើបសមត្ថកិច្ចបានឃាត់អ្នកបើករថយន្តយកទៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីអនុវត្តតាមច្បាប់។
ចំណែកឯមធ្យោបាយធ្វើដំណើររថយន្តទាំង៤គ្រឿង សមត្ថកិច្ចបានធ្វើការវាស់វែងនិងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ។គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសាររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រើប្រាស់ល្បឿនលឿន៕ ដោយ៖ សុថាន