ភ្នំពេញ៖ អតីត Freshie Girl ចំណាត់ថ្នាក់លេខ៣ នៅឆ្នាំ២០០៧ រាងខ្ពស់ស្រឡះ សម្បុរខ្មៅស្រអែម អ្នកនាងប្រាសាទ ដាវីន បានបាត់មុនពីការងារសិល្បៈអស់រយៈពេលជិត១០ឆ្នាំ ។ នាងបានបង្ហាញមុខធ្វើឲ្យភ្ញាក់ផ្អើលអស់អ្នកសិល្បៈជាមួយនឹងស្នាដៃសម្តែង និងថតឈុតផ្សព្វផ្សាយមួយចំនួនកាលពីពេលថ្មីៗនេះ។
គេនៅចាំបានថា កាលពីអំឡុងឆ្នាំ២០០៨ ប្រាសាទ ដាវី ធ្លាប់រងការគំរាមសម្លាប់ពីជនអនាមិករហូតនាងបានគេចចេញពីសិល្បៈ និងចាកចេញទៅរស់នៅប្រទេសអូស្រ្តាលី ។ កាលពី៣ឆ្នាំមុននេះដែរ គេក៏បានឃើញវត្តមានជាលើកដំបូងគ្រាដែលនាងបានស្កាត់មកលេងប្រទេសកំណើតក្រោយ សម្ងំសុខនៅឯក្រៅប្រទេសរហូតមានប្តីនិងមានកូន។
ថ្មីៗនេះនាងបាបបង្កើតឲ្យមានការភ្ញាក់ផ្អើលជាថ្មីសម្រាប់អ្នកគាំទ្រក្រោយពីតារារួមជំនាន់គឺ ហ៊ិន ច័ន្ទនីរ័ត្ន ហើយនាងបានបង្ហាញមុខជាថ្មីជាមួយនឹងស្នាដៃសិល្បៈមួយចំនួន។ ការបង្ហាញមុខទាំងភ្ញាក់ផ្អើលនេះបានបង្ហាញថា សម្រស់តារាមានមុខបែបបស្ចឹមប្រទេសរូបនេះហាក់មិនថមថយទៅតាមវ័យ និងក្រោយពេលលេចធ្លាយថា នាងមានប្តីនិងកូនទៅហើយក្តី។
ប្រាសាទ ដាវីន បានចូលរួមថតឈុតផ្សព្វផ្សាយសម្អាងការដ៏ល្បីមួយនៅរាជធានីភ្នំពេញ ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលគឺនាងបានចូលរួមថត MV របស់បទចម្រៀងដ៏ល្បីមួយគឺបទ «ភ្លើង» ដែលជាបទចម្រៀងកំពុងពេញនិយមនិងច្រៀងដោយតារាចម្រៀង អេដា ។ ឈុតឆាកខ្លីៗនៃបទចម្រៀងនេះបានបង្កើតឲ្យអ្នកគាំទ្រនាងកន្លងមកមានការភ្ញាក់ផ្អើលហើយបានកោតសរសើរពីសមត្ថភាពនៃការសម្តែងរបស់នាងក្នុងបទចម្រៀងមួយនេះនៅតែរស់រវើកបើទោះបីជាបទចម្រៀងមិនទាន់ចេញពេញលេញក្តី។ ទស្សនិកជននៅទន្ទឹងរងចាំស្នាដៃសម្តែងថ្មីនេះ ព្រោះតែមិនត្រឹមតែជាបទចម្រៀងដ៏ល្បីទេ គឺថែមទាំអាចអញ្ជើញតារាសម្តែង និងបង្ហាញម៉ូតដ៏ល្បីដែលបាត់មុខជិតមួយទសវត្សរិ៍មកសម្តែងបានផងដែរ។
គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីអ្នកនាង ប្រាសាទ ដាវីន បាននៅឡើយទេ ប៉ុន្តែបើយោងតាមអ្នកសិល្បៈបញ្ជាក់ថា តារាស្រីរូបនេះបានវិលត្រឡប់ទៅកាន់ប្រទេសអូស្ត្រាលីវិញហើយ បន្ទាប់ពីនាងបានធ្វើដំណើរមកលេងសាច់ញាតិកាលពីថ្មីៗនេះ ។ ប្រភពបញ្ជាក់ថា នាងមានពេលមិនដល់មួយខែទេដែលមកកម្សាន្តសួរសុខទុក្ខសាច់ញាតិ និងឆ្លៀតពេលថតផ្សព្វផ្សាយពាណិជ្ជកម្ម និងថត MV ខាងលើ ហើយការវិលរកសិល្បៈរបស់នាងអាចបញ្ជាក់ថា នាងនៅតែស្រលាញ់ចូលចិត្ត និងមិនបោះបង់ចោលការងារសិល្បៈទេបើទោះបីជានាងចេញទៅរស់នៅនិងមានក្រុមគ្រួសារនៅបរទេសក្តី។
គួរបញ្ជាក់ដែរថា ប្រាសាទ ដាវីន គឺជាតារាសម្តែង និងតារាម៉ូដែលមួយរូបដែលមានប្រជាប្រិយគួរឲ្យកត់សម្គាល់បន្ទាប់ពីនាងទទួលបានជ័យលាភីលេខ៣ ក្នុងការប្រឡងជ្រើសរើស ស្រីស្អាតប្រចាំឆ្នាំ២០០៧ ។ នាងបានទទួលជោគជ័យជាបន្តបន្ទាប់នៅក្នុងវិស័យសិល្បៈពិសេសនាងមាន លក្ខណៈលេចធ្លោខាងការថតផ្សាយពាណិជ្ជកម្មពីព្រោះរូបរាងរបស់នាង សិចស៊ី ហើយនាងមានកម្ពស់ខ្ពស់ស័ក្តិសមនឹងការផ្សាយពាណិជ្ជកម្ម។
ជាមួយគ្នានោះនាងក៏ត្រូវបានអញ្ជើញចេញទៅសម្តែងនៅបារាំងជាលើកដំបូងក្នុងប្រវត្តិសិល្បៈដ៏ក្មេងខ្ចីក្រោយពីជាប់ជាស្រីស្អាតមិនទាន់បានមួយឆ្នាំស្រួលបួលផង។ ខណៈដែលនាងចេញទៅសម្តែងនៅប្រទេសបារាំងក្នុងឆ្នាំ ២០០៨ នោះនៅផ្ទះនាងឯទីក្រុងភ្នំពេញមានការគំរាមបោកគ្រាប់បែក និងលិខិតគំរាមដល់ជីវិត ប្រាសាទ ដាវីន បើសិននាងហ៊ានវិលត្រឡប់មកកាន់កម្ពុជាវិញទើបនាងត្រូវខកខានក្នុងការចូលស្រុកវិញ ប៉ុន្តែហេតុការណ៍នេះត្រូវបានគេសង្ស័យថា គឺជារឿងប្រឌិតហើយក្រោយមកនាងក៏ទទួលបានសិទ្ធិជ្រកកោនលើទឹកដីនៃប្រទេសអូស្តា្រលីក្រោមការធានាជាផ្លូវការពីគូដណ្តឹងរបស់នាងដែលជាបុរសអាណិកជនអូស្ត្រាលី និងបានដឹកដៃគ្នាចូលរោងការនៅឆ្នាំ២០១១ ផងដែរ៕
ដោយ៖ វឌ្ឍនា