ភ្នំពេញ៖ ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ត្រូវបានរៀបចំ ស្របតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ និងសេចក្តីសម្រេចរបស់អង្គការ សហប្រជាជាតិ។ ការប្រារព្ធទិវានេះមានគោលបំណងលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយ សុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យកាន់តែប្រសើរឡើង ហើយទិវានេះក៏បង្ហាញឱ្យឃើញអំពីតួនាទី ដ៏សំខាន់របស់មនុស្សវ័យចាស់ បុព្វការីជន ដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ព្រមទាំងផ្តល់នូវ ចំណេះដឹង ចំណេះធ្វើ និងបទពិសោធយ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។
រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ តាមរយៈអនុក្រឹត្យលេខ១៥៨ អនក្រ.បក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១១ ស្តីពីការបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងអនុក្រឹត្យ លេខ១៣១ អនក្រ.បក ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការកែសម្រួលអនុក្រឹត្យស្តីពីការបង្កើត គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដោយកំណត់យកថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ រួមជាមួយ ទិវាមនុស្សចាស់អន្តរជាតិ។
ដើម្បីរៀបចំទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឱ្យបាន ទូលំទូលាយនិងផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជាគ្រប់វ័យបានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចតទៅ៖
១- ប្រធានបទនៃទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិលើកទី២៧ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ត្រូវបានកំណត់ថា «វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ»។
២- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ត្រូវសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលនិងអង្គការអន្តរជាតិ នានា ដែលពាក់ព័ន្ធដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិខួប លើកទី២៧ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឱ្យបានអធិកអធម។
៣- រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយបង្កលក្ខណៈឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ បព្វជិត លោកយាយ លោកតា ព្រមទាំងប្រជាជនគ្រប់វ័យ ដើម្បីបង្កើនការយល់ដឹងឱ្យ កាន់តែទូលំទូលាយអំពីសារៈសំខាន់នៃគុណប្រយោជន៍របស់មនុស្សវ័យចាស់។
៤- រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តជំរុញនិងពង្រឹងសមាគមមនុស្សចាស់នៅតាមសហគមន៍ឱ្យ ដំណើរការ និងមាននិរន្តរភាពទូទាំងរាជធានី ខេត្ត ស្របតាមផែនការដែលបានកំណត់ដោយឈរលើ ស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងមនុស្សវ័យចាស់ទូទៅ ជាពិសេសយកចិត្តទុកដាក់ជួយ មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង ហើយដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និង អង្គការអន្តរជាតិនានា សូមបន្តជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍសមាគមមនុស្សចាស់ដែលមានស្រាប់។
៥- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវចុះសំណេះសំណាលជាមួយមនុស្សវ័យចាស់ ស្របតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ នៅតាមមូលដ្ឋានវត្តអារាម វិហារសាសនានានា ដោយនាំយកជំនួយឧបត្ថម្ភតាមសទ្ធាជ្រះថ្លាជួយដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង។
៦- ក្រសួងសុខាភិបាលត្រូវចុះសំណេះសំណាលជាមួយមនុស្សវ័យចាស់ ស្របតាមគោលនយោបាយ ជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ នៅតាមមូលដ្ឋានវត្តអារាម វិហារសាសនានានា ដើម្បី ណែនាំអំពីវិធានសុខាភិបាលដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង។
៧- ក្រសួងអប់រំ យុវជន និងកីឡាត្រូវធ្វើសេចក្តីណែនាំដល់គ្រប់សាកលវិទ្យាល័យ វិទ្យាស្ថាន មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ជំរុញចលនា សិស្ស និស្សិត ឱ្យចេះគោរពដំបូន្មាន របស់មាតាបិតា ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ និងឱ្យយល់ដឹងអំពីការប្រែប្រួលរបស់មនុស្សវ័យចាស់ ព្រមទាំងបង្កើតកម្មវិធីក្រៅម៉ោងសិក្សាចុះសួរសុខទុក្ខមនុស្សវ័យចាស់ ជាពិសេសជួយបំពេញ ការងារជាឧត្តមប្រយោជន៍ជូនមនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង នៅក្នុងមូលដ្ឋាន ស្ថិតនៅជិតកន្លែងសិក្សារបស់ខ្លួន។
៨- ក្រសួងធម្មការនិងសាសនាត្រូវធ្វើការណែនាំចលនានៅតាមវត្តអារាម វិហារសាសនាទូទាំងប្រទេស តាមរយៈបព្វជិតសាសនា ដៃគូអភិវឌ្ឍ សប្បុរសជននានា និងមូលនិធិផ្សេងទៀត ដើម្បីឱ្យមាន សកម្មភាពជួយឧបត្ថម្ភគាំទ្រពីប្រជាជនដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹងនិង សមាគមមនុស្សចាស់ស្របតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ ដើម្បីឱ្យពួកគាត់អាចមានកន្លែងស្នាក់នៅសមរម្យ អាហារទទួលទាន តាំងសមាធិ និងសមាទានសីល ព្រមទាំងទទួលបានសេវាថែទាំផ្សេងៗទៀតជាបន្តបន្ទាប់។
៩- ក្រសួងព័ត៌មានត្រូវណែនាំដល់បណ្តាញសារព័ត៌មានរដ្ឋនិងឯកជនទាំងអស់ផ្សព្វផ្សាយឱ្យបាន ទូលំទូលាយនូវខ្លឹមសារសកម្មភាពក្នុងឱកាសទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ តាមរយៈការបង្កើតឱ្យមានកម្មវិធីគុណតម្លៃមនុស្សវ័យចាស់។
១០- លើកទឹកចិត្តដល់អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនបង្កើតមជ្ឈមណ្ឌលមនុស្សចាស់។
១១- គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំបដាពាក្យស្លោកនៅតាមអង្គភាព និង
ទីសាធារណៈ តាមខ្លឹមសារដូចតទៅ៖
– ជយោ! ព្រះរាជាណាចក្រកម្ពុជា
- អបអរសាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា
– មនុស្សវ័យចាស់ជាមរតកដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារនិងសង្គមជាតិ
– គោរពដឹងគុណចំពោះមនុស្សវ័យចាស់គឺជាកតញ្ញូតាធម៌ គ្រួសារមានសុភមង្គល សង្គមរីកចម្រើន
– កសាងសង្គមដែលមានការអភិវឌ្ឍសម្រាប់មនុស្សគ្រប់វ័យ
– ចូលរួមគាំទ្រថែទាំសុខុមាលភាពមនុស្សចាស់គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារមនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា
– ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា
– សមាគមមនុស្សចាស់គឺជាយន្តការជួយមនុស្សចាស់ខ្លួនឯងនៅតាមមូលដ្ឋាន ចូលរួមចំណែកក្នុង គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល
– មនុស្សចាស់គឺជាសេដ្ឋកិច្ចពណ៌ប្រាក់និងភាគលាភពណ៌ប្រាក់
– វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ។
១២- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ត្រូវធ្វើការណែនាំអនុវត្តតាមសារាចរនេះ និងបូកសរុបលទ្ធផលការងារជូនរាជរដ្ឋាភិបាល។
ទទួលបានសារាចរនេះ ទីស្តីការគណៈរដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តឱ្យ មានប្រសិទ្ធភាពនិងដោយស្មារតីទទួលខុសត្រូវខ្ពស់៕