ខេត្តរតនគិរី៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា បច្ចុប្បន្នភាព៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថានភាពជំនន់ទឹកភ្លៀងបណ្តាលឱ្យជន់លិចកំណាត់ផ្លូវខេត្តលេខ៣៧៦៨ ចំណុចផ្លូវបំបែកស្រុកលំផាត់ ទៅស្រុកបរកែវ ខេត្តរតនគិរី ទឹកនៅបន្តលិច។
លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ហើយស្ថានភាពចរាចរណ៍នៅបន្តបិទ(ដូចសេចក្តីប្រកាសជូនដំណឹង) ដើម្បីរក្សាផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព។
សូមជម្រាបជូនថា រដ្ឋបាលខេត្តរតនគិរី បានឱ្យដឹងដែរថា៖ ស្ថានភាពទឹកជំនន់ទឹកភ្លៀង បានបង្ករឱ្យរងផលប៉ពាល់ស្រុកចំនួន ២ គឺស្រុកលំផាត់ និងស្រុកកូនមុំ ក្នុងនោះ ស្រុកលំផាត់ ប៉ះពាល់ចំនួន ៣ឃុំ មានប្រជាពលរដ្ឋរងផលប៉ះពាល់សរុបចំនួន ៣.៤៦៧ គ្រួសារ និងស្រុកកូនមុំ ប៉ះពាល់ចំនួន ៥ឃុំ ប្រជាពលរដ្ឋរងផលប៉ះពាល់សរុប ចំនួន ៩៨៣គ្រួសារ។
អាជ្ញាធរ ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត កំពុងបន្តតាមដានស្ថានភាពទឹកជំនន់យ៉ាងយកចិត្តទុកដាក់ និងបានសម្របសម្រួលជម្លៀសប្រជាជនដែលងាយរងគ្រោះ មិនមានមធ្យោបាយ ទៅកាន់ទីទួលសុវត្ថិភាព បានចំនួន ១៧៥គ្រួសារ។
សូមបញ្ជាក់ នៅក្នុងភាពគ្រោះមហន្តរាយទឹកជំនន់នេះ ពុំបានបង្ករឱ្យប្រជាពលរដ្ឋរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕ដោយ៖តារា