ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម ។
អនុសញ្ញានេះ មានចំនួន ១១ជំពូក និង ៦៣មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកស្ទួយ និងសម្រួលការដោះស្រាយវិវាទអន្តរជាតិប្រកបដោយសន្តិវិធី និងបង្កើតទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការប្រកបដោយមិត្តភាពក្នុងចំណោមរដ្ឋតាមរយៈសន្ធានកម្ម នៅក្រោមអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម (IOMed) ដែលជាអង្គការអន្តរជាតិមួយមានបុគ្គលភាពគតិយុត្តអន្តរជាតិ និងមានសមត្ថភាពទទួលសិទ្ធិពេញលេញ។
អង្គការ IOMed និងរដ្ឋភាគីត្រូវឈរលើគោលការណ៍ ដូចតទៅ (១) ការគោរពអធិបតេយ្យភាពនិងបូរណភាពដែនដី សមភាព ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរដ្ឋ និងការប្តេជ្ញាចិត្តចំពោះនីតិរដ្ឋអន្តរជាតិ (២) ការធានានូវស្វ័យភាពរបស់ភាគី និងសេរីភាពក្នុងការជ្រើសរើសមធ្យោបាយក្នុងការដោះស្រាយវិវាទ (៣) សុចរិតភាព និងស្មារតីកិច្ចសហប្រតិបត្តិការក្នុងការស្វែងរកដំណោះស្រាយវិវាទអន្តរជាតិប្រកបដោយការយោគយល់ និង (៤) ការធានានូវបរិយាកាសមិនលម្អៀង អព្យាក្រឹត និងសមធម៌ ដែលជំរុញដល់មធ្យោបាយដែលមានភាពបត់បែន និងប្រសិទ្ធភាពសម្រាប់ការដោះស្រាយវិវាទប្រកបដោយសន្តិវិធីតាមរយៈសន្ធានកម្ម៕ដោយ៖តារា