ប្រទេសថៃ ៖ គួរបញ្ជាក់ថា តំបន់ភាគខាងត្បូងប្រទេសថៃ ជាពិសេសខេត្ត Narathiwat គឺពោរពេញដោយអសន្តិសុខ ដ្បិតវាគឺជាកន្លែងដែល ក្រុមឧទ្ទាមផ្តាច់ខ្លួន តែងធ្វើសកម្មភាពវាយប្រហារជាញឹកញាប់លើអាជ្ញាធរនិងទាហានថៃ។ អំពើហិង្សារយៈពេលប្រមាណ២ទសវត្សរ៍នៅតំបន់នោះ បានផ្តាច់ជីវិតមនុស្សសរុបរាប់ពាន់នាក់។
បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Khaosod បានឱ្យដឹងដា ៖ នាថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ខ្មាន់កាំភ្លើងម្នាក់បានជិះម៉ូតូ ហើយធ្វើសកម្មភាពបាញ់រះមកលើក្រុមទាហានថៃ នៅមុខបន្ទាយយោធាមួយកន្លែង ក្នុងខេត្ត Narathiwat។
ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោងជិត៧ព្រឹក នៅស្រុក Rueso ខេត្ត Narathiwat អំឡុងការដាក់ពង្រាយ ទាហានឈរជើងសម្រាប់ប៉ុស្តិ៍ត្រួតពិនិត្យមួយ នៅខាងមុខបន្ទាយយោធានោះ។ ខ្មាន់ភ្លើងដែលស្ថិតក្នុងសម្លៀកបំពាក់ស៉ីវិល និងជិះលើម៉ូតូ ក៏ស្រាប់តែបានប្រើកាំភ្លើងបាញ់ប្រហារមកលើក្រុមទាហានថៃ ដែលកំពុងបំពេញភារកិច្ច។
ភ្លាមៗ ក្រុមទាហានថៃ បានធ្វើការបាញ់ឆ្លើយតបវិញ រួចហើយខ្មាន់កាំភ្លើង ក៏បានបោះបង់ម៉ូតូចោល និងរត់ចូលវាលស្រែ។ ក្រោយមក ជនដៃដល់បានទម្លាក់អាវុធចុះ និងប្រគល់ខ្លួនឱ្យអាជ្ញាធរ។ ជននោះត្រូវបានកំណត់អត្តសញ្ញាណថា មានឈ្មោះ Arafad អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងស្រុក Rueso ហើយកាំភ្លើងវែងមួយដើម ត្រូវបានរឹបអូស។ ខ្មាន់កាំភ្លើង ក៏បានរងរបួសផងដែរ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ យ៉ាងណា មិនមានការបញ្ជាក់ថា មានទាហានថៃ រងរបួសឬបាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារនោះ ដែរឬអត់ឡើយ ។ ប្រទេសថៃ បានគម្រាម អសន្តិសុខច្រើនមួយរយៈនេះ ប្រឈមនឹងជម្លោះផ្ទៃក្នុង ៕
ដោយ ៖ ស តារា