ទីក្រុងបាងកក ៖ បើតាមការចេញផ្សាយដោយ សារព័ត៌មាន AFP បានបញ្ជាក់ថា, នាថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា អាជ្ញាធរថៃបានឱ្យដឹងថា គ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងមូសុងយ៉ាងខ្លាំងក្លា បានសម្លាប់មនុស្សកើនដល់យ៉ាងហោចណាស់៧នាក់ នៅក្នុងប្រទេសរបស់ខ្លួន ខណៈប្រតិបត្តិការជួយសង្រ្គោះជនរងគ្រោះ កំពុងតែបន្ត។
នាយកដ្ឋានទប់ស្កាត់និងបង្ការគ្រោះមហន្តរាយរបស់ថៃ បាននិយាយថា មនុស្សសរុបលើសពី២៦០ ០០០នាក់ នៅក្នុងខេត្តមួយចំនួន តាមបណ្តោយទន្លេ Chao Phraya បាននិងកំពុងទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ក្នុងសប្តាហ៍នេះ។ កាលពីថ្ងៃអង្គារ នាយកដ្ឋានបានរាយការណ៍ថា តួលេខអ្នកស្លាប់ដោយសារទឹកជំនន់ នៅទូទាំងតំបន់ភាគកណ្តាលប្រទេស មានចំនួន៤នាក់ ខណៈឥឡូវនេះ បានបន្តកើនដល់៧នាក់។
គួរបញ្ជាក់ថា ថៃមិនបានរងការវាយប្រហារចំផ្ទាល់ដោយព្យុះត្រូពិក Bualoi ដែលបានបោកបក់លើហ្វីលីពីន ក្នុងសប្តាហ៍នេះទេ ប៉ុន្តែអាជ្ញាធរឧតុនិយម បានព្រមានអំពីការធ្លាក់ភ្លៀងខ្លាំង នៅប៉ុន្មានថ្ងៃខាងមុខ។ កាលពីខែសីហាកន្លងទៅ មនុស្ស៥នាក់បានស្លាប់ និង១៥នាក់បានរងរបួស នៅតំបន់ភាគខាងជើងប្រទេសថៃ ដោយសារគ្រោះបំណាក់ដីនិងទឹកជំនន់ បង្កឡើងដោយព្យុះទីហ្វុង Kajiki៕
ប្រភព (AFP)