ថៃពិតជាមានចេតនាប្រើកម្លាំងយោធា ដើម្បីបដិសេធជំហរកម្ពុជាដែលចង់ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី

ចែករំលែក៖

ភ្នំពេញ ៖ ការបំផ្ទុះអាវុធជាថ្មីដោយយោធាថៃ បាញ់មុនមកលើមូលដ្ឋានយោធាកម្ពុជា នៅតំបន់អានសេះ ដោយកាំភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើនគ្រាប់ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ គឺជាការរំលោភលើបទឈប់បាញ់ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីកម្ពុជា – ថៃ  បានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅនៅប្រទេសម៉ាឡេស៊ី និងដែលជាគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងការចូលរួមគាំទ្ររបស់សាធារណរដ្ឋប្រជាមានតិចិន។

សកម្មភាពបង្កហេតុម្តងហើយម្តងទៀតរបស់យោធាថៃតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា កងកម្លាំងយោធាថៃបាននិងកំពុងប្រព្រឹត្តអំពើឈ្លានពាន និងបង្កសង្គ្រាមដោយចេតនា។ វិធីសាស្ត្រដែលថៃកំពុងប្រើប្រាស់នេះមិនមែនមានគោលបំណងដើម្បីការពារអធិបតេយ្យភាពដូចពួកគេអះអាងនោះទេ ប៉ុន្តែវាជាការប៉ុនប៉ងប្រើអំណាចយោធាវាតទី ទន្ទ្រានដើម្បីកាន់កាប់ ដោយសារតែប្រទេសថៃគិតថាខ្លួនមិនអាចសម្រេចគោលបំណងបានតាមរយៈផ្លូវច្បាប់ និងការវិនិច្ឆ័យរបស់តុលាការអន្តរជាតិ។

កម្ពុជាគឺជាប្រទេសដែលគោរពតាមច្បាប់អន្តរជាតិ ចង់ធ្វើការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធីដោយចៀសវាងនូវការបង្ហូរឈាមរវាងប្រទេសទាំងពីរ និងបានចាប់យកនូវជម្រើសដ៏ល្អបំផុតគឺការចរចា និងផ្អែកលើច្បាប់អន្តរជាតិធ្វើជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនដ៏ស្រួចស្រាល់នេះ។

សកម្មភាពថ្មីៗរបស់កងយោធាថៃ ដែលនៅតែគឃ្លើនបាញ់ស្រោចមកលើកម្ពុជា  ពិតជាបានបង្ហាញយ៉ាងច្បាស់នូវទង្វើល្មោភសង្គ្រាមនិងវាតទីនិយមរបស់ថៃ នៅតាមតំបន់ព្រំដែន និងជាការរំលេចឱ្យឃើញថា ថៃពុំអើពើ និងពុំបានគោរពច្បាប់អន្តរជាតិ និងគោរពកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានចុះហត្ថលេខានាពេលកន្លងមកឡើយ។  មិនតែប៉ុណ្ណោះពួកគេបានបន្តរាយបន្លាលួសតាមព្រំដែនរំលោភចូលទឹកដីកម្ពុជានិងបានប្រើកងកម្លាំងប្រដាប់ដោយអាវុធ ប្រើគ្រាប់បែងផ្សែង ប្រើផ្សែងពុល និងអាវុធសង្គ្រាមទំនើបៗ និងការបាញ់ដោយប្រើអាវុធបង្ក្រាបបាតុកម្មមកវាយប្រហារលើជនស៊ីវិលកម្ពុជានៅភូមិព្រៃចាន់ និងភូមិជោគជ័យ បង្ករឲ្យមានរបួសស្នាមជាច្រើននាក់ ។ យោធាថៃបានបង្ខំឲ្យប្រជាពលរដ្ឋកម្ពុជាចាកចេញពីលំនៅដ្ឋានដោយសំអាងលើផែនទីចោរដែលបានគួសវាសដោយឯកតោភាគីនិងបានយកផែនទីដែលសំអាងទៅលើGoogle Maps ដែលមិនមានមូលដ្ឋានច្បាស់លាស់មកធ្វើជាលេសទៅវិញដែលទាំងនេះ គឺជាភស្តុតាងដ៏ច្បាស់មិនអាចប្រកែកបានថា ថៃកំពុងរំលោភលើសិទ្ធិមនុស្ស អធិបតេយ្យភាពនិងការរស់នៅរបស់ប្រជាជនកម្ពុជាដោយមានគម្រោងកាទុកជាមុននិងដោយចេតនា។

គណៈកម្មាធិការកិច្ចការព្រំដែនទូទៅនៃប្រទេសទាំងពីរ បានធ្វើកិច្ចការនេះយ៉ាងច្បាស់លាស់ក្នុងការឈានទៅបោះបង្គោលព្រំដែនដោយបានឯកភាពគ្នាក្នុងការវាស់វែងព្រំដែនដោយផ្អែកតាមផែនទីបារាំង-សៀមដែលបានតម្កល់និងទទួលស្គាល់នៅអង្គការសហប្រជាតិ តែប្រទេសថៃបែរជាព្យាយាមបំភាន់ បំភ្លៃប្រវត្តិសាស្ត្រនិងបដិសេធនូវឯកសារផ្លូវច្បាប់ទាំងនោះ ដោយចង់តែប្រើកម្លាំងយោធាជំនួសវិញ។ នេះបង្ហាញថា ថៃកំពុងធ្វើអំពើប្រឆាំងនឹងច្បាប់ នឹងចង់បំផ្លាញបំភ្លៃប្រវត្តិសាស្ត្រដោយមិនហ៊ានប្រឈមនិងទទួលស្គាល់ការពិតដោយគិតឃើញថាអាចនិងចាញ់កម្ពុជាព្រមទាំងទទួលនូវភាពអាម៉ាសនៅចំពោះមុខប្រជាជាតិខ្លួននិងលើឆាកអន្តរជាតិបើហ៊ានចូលខ្លួនទៅដោះស្រាយនៅតុលាការអន្តរជាតិ។

ការជ្រើសរើសមធ្យោបាយប្រើកម្លាំងយោធារបស់ថៃ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែជាការរៀបចំគម្រោងដោយមានសេនារីយោច្បាស់លាស់ទុកជាមុន ដើម្បីបង្កើតស្ថានភាពចលាចល និងបង្ករសង្គ្រាមតាមបណ្តោយព្រំដែនជាមួយកម្ពុជា។ យុទ្ធសាស្ត្រប្រកបដោយកល្បិចពិសពុលទាំងនេះបង្ហាញពីចេតនាដែលថៃចង់បង្ខំកម្ពុជាឲ្យទាល់ច្រកនិងធ្លាក់ចូលទៅក្នុងស្ថានភាពផ្ទុះអាវុធដើម្បីពួកគេបានលេសក្នុងការវាយប្រហារកម្ពុជា និងអាចបំភាន់អង្គការអន្តរជាតិ ដោយធ្វើឲ្យបញ្ហាផ្លាស់ប្តូរពីវិវាទច្បាប់ ទៅជាវិវាទយោធាជំនួសវិញ។

មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពរបស់ថៃក៏បង្ហាញពីគំនិតនយោបាយឈ្លានពាន ដើម្បីបង្កការភ័យខ្លាច និងបង្ខំឲ្យកម្ពុជាយល់ស្របតាមការទាមទាររបស់ខ្លួន។ 

ថៃព្យាយាមប្រើគ្រប់មធ្យោបាយផ្សព្វផ្សាយការបំភ្លៃការពិតដើម្បីចោទប្រកាន់កម្ពុជា ដើម្បីបង្ហាញថាខ្លួនស្អាតស្អំ ខ្លួនជាអ្នកគោរពបទឈប់បាញ់ ដើម្បីលាក់បាំងសកម្មភាពឈ្លានពានរបស់ខ្លួនមកលើទឹកដីកម្ពុជា។ ប៉ុន្តែភស្តុតាងពីសកម្មភាពយោធានៅតាមព្រំដែន ការបាញ់ប្រហារលើជនស៊ីវិល ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងការរំលោភលើទឹកដីកម្ពុជា បានបង្ហាញយ៉ាងច្បាស់ថា នេះជាការចូលលុកលុយនិងរំលោភលើអធិបតេយ្យជាតិរបស់ប្រទេសកម្ពុជា ដោយខុសច្បាប់និងការចង់បង្កសង្គ្រាមដោយចេតនាដើម្បីសម្រេចមហិច្ឆិតាយកទឹកដីរបស់ខ្លួនក្រៅប្រព័ន្ធច្បាប់អន្តរជាតិយ៉ាងច្បាស់ក្រឡែត។ យោធាថៃបានដឹងខ្លួនច្បាស់ហើយថាបើខ្លួនចូលខ្លួនទៅដោះស្រាយព្រំដែនតាមរយៈតុលាយុត្តិធម៌អន្តរជាតិគឺប្រាកដណាស់ថា ថៃពិតជាចាញ់កម្ពុជា។

ទោះយ៉ាងណាក៏ដោយ ប្រទេសកម្ពុជាមិនស្ងៀមតែមិនបានស្ងប់ស្ងាត់ ឬទទួលយកអំពើក្លែងបន្លំបែបនេះបានទេ ជាពិសេស រដ្ឋាភិបាល ប្រជាពលរដ្ឋកម្ពុជា និងសហគមន៍អន្តរជាតិ បានអំពាវនាវឲ្យពិភពលោកបានយល់ថា នេះជាការបំពានលើទឹកដី សន្តិភាព សិទ្ធិមនុស្ស ព្រមទាំងធ្វើការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរលើសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាថែមទៀតផង។

កម្ពុជាតែងតែប្រកាន់ខ្ជាប់លើគោលការណ៍សន្តិភាព ការចរចា និងការទាមទារតាមផ្លូវច្បាប់ដោយសន្តិវិធី។ ប៉ុន្តែការរំលោភបំពានជាប់ជាប្រចាំពីសំណាក់ភាគីថៃ ធ្វើឲ្យកម្ពុជាចាំបាច់ត្រូវតែដាក់វិធានការការពារជាតិយ៉ាងមានប្រសិទ្ធភាពបំផុត ដោយមិនអនុញ្ញាតឱ្យសត្រូវឈ្លានពានបានជាដាច់ខាត ទោះបីត្រូវលះបង់ក្នុងតម្លៃណាក៏ដោយនេះគឺជាការតាំងចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

កម្ពុជាបានបន្តដាក់សំណើតវ៉ាទៅអង្គការសហប្រជាជាតិ អាស៊ាន និងតុលាការអន្តរជាតិ ដើម្បីឲ្យពិភពលោកបានឃើញថា ប្រទេសដែលជារដ្ឋឯករាជ្យមួយកំពុងស្ថិតនៅក្រោមអំពើឈ្លានពាននិងការគម្រាមកំហែងជាប់ជាប្រចាំពីប្រទេសថៃ។ ក្នុងពេលតែមួយ គ្នានេះដែរ កម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការការពារប្រជាជន និងទឹកដីពីអំពើបំពាននៃប្រទេសថៃផងដែរ។

សកម្មភាពរបស់ប្រទេសថៃដែលបានកំពុងធ្វើបច្ចុប្បន្ននេះ គឺជាការញុះញង់បង្កសង្គ្រាមដោយចេតនា មិនមែនការការពារដែនដីដូចដែលគេអះអាងឡើយ ដែលនេះវាជាការប្រើប្រាស់យុទ្ធសាស្រ្តយោធា ជាជាងការប្រើប្រាស់ប្រព័ន្ធច្បាប់អន្តរជាតិ និងដើម្បីបំភាន់សហគមន៍ជាតិនិងអន្តរជាតិ ដែលផ្ទុយពីកម្ពុជាដែលរក្សាជំហរអត់ធ្មត់និងព្យាយាមដោះស្រាយជម្លោះដោយសន្តិវិធីដើម្បីការពារសិទ្ធិអធិបតេយ្យភាព និងសន្តិភាពរបស់ខ្លួន ព្រមទាំងបានបង្ហាញឲ្យពិភពលោកឃើញថា ថៃជាប្រទេសដែលកំពុងរំលោភច្បាប់ និងបង្កសង្គ្រាមដោយចេតនា។

ចាប់តាំងពីមានបទឈប់បាញ់ដែលបានធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ីមក កម្ពុជាមិនដែលចង់បង្កសង្គ្រាមឬមានចេតនារំលោភលើបទឈប់បាញ់ម្តងណានោះឡើយ ប៉ុន្តែកម្ពុជាតែងតែទទួលរងនូវការរំលោភបំពាននិងឈ្លានពានរំខានជាញឹកញាប់ពីយោធាថៃ។ ដូច្នេះ សហគមន៍អន្តរជាតិត្រូវឈរជាមួយកម្ពុជា ដើម្បីឃ្លាំមើល វិនិច្ឆ័យដោយភាពត្រឹមត្រូវ និងគួរតែជាអ្នកការពារ និងផ្តល់យុត្តិធម៌ជូនកម្ពុជា និងចាំបាច់ត្រូវតែចូលរួមទប់ស្កាត់ចំពោះការឈ្លានពានរបស់ភាគីថៃដែលជាដើមចមនៃការបំផ្ទុះអាវុធជាថ្មី ដូចករណីបាញ់ផ្លោងមកលើមូលដ្ឋានយោធាកម្ពុជានៅតំបន់អានសេះ ជាភស្តុតាងជាក់ស្តែង ដែលថៃគឺជាអ្នកបាញ់មុនជាថ្មីទៀតមកលើកម្ពុជា ។ បណ្តាប្រតិកម្មថ្កោលទោសយោធាថៃ គួរត្រូវបានធ្វើឡើង ដើម្បីពង្រឹងសន្តិភាពក្នុងតំបន់ ក៏ដូចជាពង្រឹងប្រសិទ្ធភាពនៃបទឈប់បាញ់ និងកុំឲ្យប្រទេសថៃអាចប្រើអាវុធក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជំនួសការប្រើវិធានច្បាប់បានឲ្យសោះ៕

...

ដោយ៖ ពិន វិជ័យ (អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ) (PRU)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print