ក្រុមការងារជំនាញ​ ចុះពិនិត្យផលប៉ះពាល់ដោយគ្រោះទឹកជំនន់ លើដំណាំកសិកម្មរបស់ប្រជាពលរដ្ឋស្រុកលំផាត់ ខេត្ដរតនគិរី

ចែករំលែក៖

ខេត្ត​រតនគិរី​៖​ លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យ សិក្សា និងវាយតម្លៃផលប៉ះពាល់ដែលបង្កឡើងដោយគ្រោះទឹកជំនន់ទន្លេស្រែពក លើស្រែចម្ការរបស់ប្រជាពលរដ្ឋស្រុកលំផាត់ ខេត្តរតនគិរី។

នាដំណើរនោះ លោករដ្ឋលេខាធិការ រួមជាមួយក្រុមការងារបានពិនិត្យឃើញផលប៉ះពាល់បង្កដោយសារការកើនឡើងនៃទឹកទន្លេស្រែពក ក្នុងភូមិសាស្រ្តស្រុកលំផាត់ លើប្រជាពលរដ្ឋចំនួន ១ ០០៨ គ្រួសារ ស្មើនឹង៣ ០២៤ នាក់ (ស្រ្តី១ ៦០៨ នាក់) ក្នុងភូមិចំនួន៦ ហើយបង្កការជន់លិចដីស្រែរបស់ប្រជាពលរដ្ឋចំនួន ៧៥៥ ហិកតា និងដីចម្ការដែលមានដំណាំរួមផ្សំដូចជា ដំឡូងមី សណ្តែកសៀង ស្វាយចន្ទី ចេក និងបន្លែ សរុបចំនួន៣១៥ ហិកតា។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ​២០២៥នេះ ស្ថានភាពទឹកទន្លេស្រែពកបានបន្ដជន់លិចលើសពីកម្ពស់ប្រកាសអាសន្តពី ០,២០ ម៉ែត្រ ទៅ ១,៥០ ម៉ែត្រ ដែលនឹងបង្កផលប៉ះពាល់ដល់ដំណាំបន្លែ និងដំណាំសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។ រីឯដំណាំស្រូវស្ថិតក្នុងដំណាក់កាលកំពុងចេញផ្កាវិញ នឹងមានការលំបាកក្នុងការស្តារឡើងវិញ ខណៈទឹកភ្លៀងនៅតែបន្ដធ្លាក់។

ឆ្លើយតបទៅនឹងស្ថានភាពនេះ លោក ហ៊ាន វណ្ណហន បានណែនាំដល់មន្រ្តីជំនាញឱ្យបន្តសហការគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះសិក្សា និងវាយតម្លៃផលប៉ះពាល់លើដំណាំកសិកម្មរបស់ប្រជាពលរដ្ឋតាមដំណាក់កាលបន្ថែមទៀត ដើម្បីចាត់វិធានបន្ធូរបន្ថយកម្រិតខូចខាតទៅតាមលទ្ធភាពជាក់ស្ដែង៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print