ភ្នំពេញ៖ កម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» បានបញ្ចប់ទៅដោយទទួលបានជោគជ័យគួរជាទីមោទនៈ ស្របតាមគោលបំណងរបស់កម្មវិធី។ នេះបេីយោងតាមការបញ្ជាក់ពីសហភាពសហព័ន្ធយុវជនកម្ពុជា។
សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា រយៈពេល ៣ថ្ងៃ បងប្អូនប្រជាពលរដ្ឋអញ្ជើញមកពីគ្រប់ទិសទី គ្រប់មជ្ឈដ្ឋាន និងកោសិកានៃសង្គមយ៉ាងច្រើនកុះករបានជួបជុំគ្នា នៅទីនេះ។ ក្រៅពីក្តីរំភើប និងមោទនភាពដោយឃើញផលិតផលចំរុះ ច្រើនមុខ ដែលកើតចេញពីស្នាដៃកូនខ្មែរ បងប្អូនបានបង្ហាញនូវការគាំទ្រតាមរយៈពាក្យពេចន៍កោតសសើរ ការចូលរួមប្រើប្រាស់ និងការជួយផ្សព្វផ្សាយបន្តទៅកាន់អ្នកដែលបានស្គាល់។
កាយវិការរបស់បងប្អូនដែលបានមកចូលរួមពិព័រណ៍នេះ គឺជាការចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុកដែលបានផ្តល់ជាកម្លាំងជំរុញទឹកចិត្តឱ្យ រោងចក្រ សហគ្រាស សិប្បករ និងអ្នកច្នៃប្រឌិតកាន់តែខិតខំប្រឹងប្រែងទ្វេដងដើម្បីបង្កើតសមិទ្ធផល ផលិតផលថ្មីៗ ប្រកបដោយគុណភាពសម្រាប់បម្រើទីផ្សារក្នុងស្រុក និងនាំចេញ។
មិនតែប៉ុណ្ណោះ បងប្អូនក៏បាននាំយកត្រលប់ទៅវិញនូវទឹកចិត្ត ស្មារតី សាមគ្គី រួបរួមក្នុងនាមជាប្រជាជាតិខ្មែរ តាមរយៈការទទួលបាននូវការបំផុសគំនិតដែលមាននៅក្នុងពិព័រណ៍ «ស្មារតីរួបរួម» ក៏ដូចជាការចែករំលែកទស្សនៈដ៏ល្អៗពីសំណាកៀវាគ្មិនកិត្តិយសជាច្រើនរូបក្នុងវគ្គចែករំលែក និងកិច្ចពិភាក្សា។
ក្រុមគ្រួសារ ស.ស.យ.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ដៃគូសហការគាំទ្រ និងឧបត្ថម្ភ ដែលរួមមានក្រសួង-ស្ថាប័ន សភាពណិជ្ជកម្ម សមាគមពាក់ព័ន្ធ វិស័យឯកជន ក៏ដូចជាបងប្អូនជាអ្នកផលិតមាតិកា ដែលបានផ្តល់កិច្ចសហការយ៉ាងស្អិតរមួត។ ប្រសិនបើគ្មានការសហការគាំទ្រ និងឧបត្ថម្ភទាំងនោះទេ កម្មវិធីនេះក៏មិនអាចលេចចេញជារូបរាងបានឡើយ។ សូមថ្លែងអំណរគុណដល់វាគ្មិនកិត្តិយស អ្នកសម្របសម្រួលកិច្ចពិភាក្សា សិល្បករ សិល្បការិនី ដែលបានចូលរួមផ្តល់ពុទ្ធិដ៏មានតម្លៃ ក៏ដូចជាភាពរស់រវើក និងទាក់ទាញសម្រាប់កម្មវិធី។ អ្វីដែលមិនអាចបំភ្លេចបាននោះគឺ ក្រុមការងាររៀបចំ យុវជនស្ម័គ្រចិត្ត កងកម្លាំងសន្តិសុខ សង្រ្គោះបឋម សណ្តាប់ធ្នាប់ និងចរាចរណ៍ ព្រមទាំងបុគ្គលិកអនាម័យ ដែលបានធានានូវការប្រព្រឹត្តទៅដោយរលូននៃកម្មវិធីទាំងមូល បន្សល់ទុកនូវស្នាមញញឹម និងអនុស្សាវរីយ៍គួរជាទីចងចាំ៕
ដោយ៖តារា










