ភ្នំពេញ : ពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស សម្តេច ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន មិនចង់ឃើញកូនអតីតទាហាន កូនអតីតនគរបាល កូនអតីតមន្ត្រីរាជការស៊ីវិល បន្ទាប់ពីអស់ពីឪពុកម្តាយ ធ្លាក់ក្នុងស្ថានភាពក្រីក្រនោះឡើយ។
ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាផងដែរនោះ លើកឡើងថា រឿងនេះមិនមែនជាការល្អទេ វាជារឿងដែលត្រូវយកចិត្តទុកដាក់ ជាពិសេសការបណ្តុះបណ្តាលពួកគាត់ ដើម្បីឱ្យពួកគាត់អាចបន្តវេន ពេលអស់ពីឪពុកម្តាយ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «មកដល់ពេលនេះ សមាគមអតីតយុទ្ធជន នឹងប្តូរទៅជាសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ជាមួយនឹងការផ្លាស់ប្តូរនិមិត្តសញ្ញាថ្មីរបស់សមាគម»។
សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន និងបានបើកមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី១ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ ជាប្រវត្តិសាស្ត្រមួយដែលពុំធ្លាប់មាននៅកម្ពុជា ធ្វើឲ្យសាធារណមតិជាតិ អន្តរជាតិ និងអតីតយុទ្ធជនទូទាំងប្រទេសអបអរសាទរ។
សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យបង្កើតសមាគមអតីតយុទ្ធជន នៅតាមក្រសួងស្ថាប័នស៊ីវិល ហើយរដ្ឋមន្រ្តីជាប្រធានសមាគម៕
ដោយ : សិលា