សារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានផ្សាយថា រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីកូរ៉េខាងជើងរបស់លោកថា ទីក្រុងប៉េកាំងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងព្យុងយ៉ាង ហើយធ្វើការរួមគ្នាដើម្បីប្រឆាំងអនុត្តរភាព ខណៈវាជាការលើកឡើងមួយហាក់សំដៅដោយប្រយោលលើសហរដ្ឋអាមេរិក។
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son-hui បានជួបលោក Wang កាលពីថ្ងៃអាទិត្យកន្លងទៅនេះ នៅទីក្រុងប៉េកាំង ខណៈជំនួបនោះកើតមានឡើង ត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីទស្សនកិច្ចយ៉ាងកម្ររបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានស្វែងរកការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។
អំឡុងជំនួបខាងលើ លោក Wang បានប្រាប់លោកស្រី Choe ដូច្នេះថា «ការថែរក្សា ពង្រឹង និងអភិវឌ្ឍទំនាក់ទំនងចិន-កូរ៉េខាងជើង តែងតែជាគោលនយោបាយយុទ្ធសាស្រ្តឥតប្រែប្រួល របស់រដ្ឋាភិបាលចិន។ ប្រទេសចិនបន្តមានឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីកូរ៉េខាងជើង ទាំងលើកិច្ចការអន្តរជាតិនិងក្នុងតំបន់ និងប្រឆាំងរាល់អនុត្តរភាពគ្រប់ទម្រង់ ហើយរក្សាការពារផលប្រយោជន៍រួមរបស់ភាគីទាំងពីរ ព្រមទាំងយុត្តិធម៌និងសមភាពអន្តរជាតិ»។
ការអត្ថាធិប្បាយដូចខាងលើរបស់លោករដ្ឋមន្រ្តីការបរទេសចិន គឺត្រូវបានមើលឃើញថា ជាសម្តីមួយចង់សំដៅទៅលើសហរដ្ឋអាមេរិក ដែលបច្ចុប្បន្នគឺជាគូប្រកួតប្រជែងចម្បងបំផុតរបស់ទីក្រុងប៉េកាំង ទាំងក្នុងវិស័យសេដ្ឋកិច្ច យោធា និងភូមិសាស្រ្តនយោបាយ៕
រូបថត: TTXVN