សារព័ត៌មាន Reuters បានផ្សាយថា រដ្ឋាភិបាលវៀតណាម នៅថ្ងៃអង្គារ ទី៣០ ខែកញ្ញា បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Bualoi បានកើនឡើងដល់ ១៩នាក់ និង២១នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន ដែលធ្វើឱ្យវាក្លាយជាព្យុះដ៏កំណាចបំផុតមួយវាយប្រហារលើប្រទេសអាស៊ានមួយនេះនៅក្នុងឆ្នាំ២០២៥ ខណៈភ្លៀងធ្លាក់ខ្លាំងកំពុងបង្កើនហានិភ័យនៃគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី នៅតំបន់ភាគខាងជើងនៃប្រទេស។
ព្យុះ Bualoi បានបក់បោកលើតំបន់ដីគោកភាគខាងជើងនៃប្រទេសវៀតណាមកាលពីថ្ងៃចន្ទ ដោយនាំមកជាមួយខ្យល់បក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង។ កាលពីសប្ដាហ៍មុន ព្យុះនេះបានផ្ដាច់យកជីវិត មនុស្សយ៉ាងហោច១០នាក់ នៅហ្វីលីពីន។ តាមរដ្ឋាភិបាលវៀតណាម មនុស្ស៨៨នាក់ក៏បានរងរបួសផងដែរ ហើយផ្ទះជាង ១០០ ០០០ខ្នងរងការខូចខាតដែលភាគច្រើននៅក្នុងខេត្ត Nghe An និងខេត្ត Ha Tinh។ រីឯផ្ទៃដីដាំដុះស្រូវ និងដំណាំជាង ១០ ០០០ហិកតាត្រូវបានជន់លិច។ មិនតែប៉ុណ្ណោះ ភ្លៀងនៅតែបន្តធ្លាក់ខ្លាំងនៅតាមផ្នែកជាច្រើននៃប្រទេសវៀតណាមជាមួយកម្រិតទឹកភ្លៀង ហក់ឡើងខ្ពស់ជាង ៣០០មីលីម៉ែត្រក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ។ រដ្ឋាបាលភិបាលបន្ថែមថាភ្លៀងធ្លាក់ខ្លាំងនឹងបន្តធ្លាក់នៅតាមតំបន់ជាច្រើន ក្នុងនោះរួមមានរដ្ឋធានីហាណូយផងដែរ។
បើតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម ភូមិជាច្រើននៅភាគខាងជើងប្រទេសវៀតណាម នៅតែបន្តជន់លិច និងមិនទាន់មានអគ្គិសនីប្រើប្រាស់ឡើងវិញនោះទេ៕
រូបថត: vnexpress