ខេត្តត្បូងឃ្មុំ ៖ យោងតាមការតាមដានស្ថានភាពរបបទឹកទន្លេមេគង្គ ឆ្នាំនេះ ទឹកបានហក់ឡើងខ្ពស់បំផុតនៅថ្ងៃទី៣ ខែ សីហា ដល់កម្ពស់ ១៣,១៤ម៉ែត្រ បណ្តាលឱ្យខូចខាតផលដំណាំមួយចំនួនធំ ហើយបានស្រកចុះទៅវិញជាបន្ត បន្ទាប់រហូតមកដល់ថ្ងៃនេះ។ ទន្ទឹមនេះ ការព្យាករណ៍ស្ថានភាពទឹកភ្លៀងរបស់ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញថា ភ្លៀង នឹងបន្តបង្ករធ្លាក់ក្នុងបរិមាណកើនឡើង និងបង្ករឱ្យមានភ្លៀងធ្លាក់ច្រើនជាងមធ្យមភាគច្រើន ហើយជារៀងរាល់ឆ្នាំរបបទឹកទន្លេមេគង្គ នឹងហក់ឡើងសារជាថ្មីរហូតដល់រដូវបុណ្យភ្ជុំបិណ្ឌ។ ចំពោះមុខស្ថានភាពនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ មានការបារម្ភជាមួយបងប្អូនប្រជាកសិករនៅតាមដងទន្លេមេគង្គ ជាពិសេស ក្នុងស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ និងស្រុកអូររាំងឪ ដែលតែងគិតថា ទឹកស្រកមិនឡើងមកវិញ ហើយចាប់ផ្តើមរៀបចំដីដាំដុះដំណាំ ជាពិសេសដំណាំស្រូវ។
ករណីបែបនេះ បានកើតឡើងនៅប៉ុន្មានឆ្នាំកន្លងទៅនេះ ហើយបានធ្វើឱ្យស្រូវពគ្រោះជា ច្រើនហិកតាត្រូវខូចខាត ដែលខាតទាំងពេលវេលា កម្លាំងពលកម្ម និងប្រាក់កាស់របស់បងប្អូន។ ដោយពិនិត្យ ឃើញករណីដដែលៗបែបនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់បងប្អូនប្រជាកសិករនៅក្នុងស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ និងស្រុកអូររាំងឪ កុំទាន់ប្រញាប់ប្រញាល់រៀបចំដី និងដាំដំណាំ ដោយរង់ចាំមើលស្ថានភាពទឹក រហូតរដូវភ្ជុំបិណ្ឌ ត្រូវបានបញ្ចប់សិន សឹមចាប់ផ្តើមដាំដុះប្រដេញទឹកស្រកទៅវិញ។
ទន្ទឹមនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ
សូមដាក់ចេញនូវការណែនាំមួយចំនួនដូចតទៅ៖
១-រដ្ឋបាលស្រុក រដ្ឋបាលឃុំ មេភូមិពាក់ព័ន្ធតាមដងទន្លេមេគង្គ ត្រូវធ្វើក ត្រូវធ្វើការផ្សព្វផ្សាយអំពីស្ថានភាពឧតុនិយម នេះ ឱ្យបានទូលំទូលាយដល់ប្រជាកសិករ និងធ្វើការតាមដានឱ្យបានដិតដល់អំពីស្ថានភាពរបបទឹកទន្លេមេគង្គ ទឹកភ្លៀង និងរាយការណ៍ជាប្រចាំមករដ្ឋបាលខេត្ត។
២-ក្នុងករណីមានការហក់ឡើងកម្ពស់ទឹកទន្លេមេគង្គជាថ្មី ឬទឹកភ្លៀងធ្លាក់ជោគជាំ ប៉ះពាល់ដល់ដំណាំ ដែលប្រជាកសិករយើងថ្លោះធ្លោយបានធ្វើហួសមកហើយ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក ឃុំ ដោយមានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ចុះសិក្សាវាយតម្លៃអំពីផលប៉ះពាល់ ការខូចខាតដំណាំ និងលើកយោបល់ពីលទ្ធភាពស្តារឡើងវិញនៅពេលទឹកស្រក មកគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្តជាបន្ទាន់។
៣-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលស្រុក រដ្ឋបាលឃុំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសកសិកម្មវៃឆ្លាត ដែលឆ្លើយតបទៅនឹងស្ថានភាពភូមិសាស្ត្រដាំដុះនីមួយៗ។ រដ្ឋបាលខេត្តត្បូងឃ្មុំ មានសង្ឃឹមថា មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់ បងប្អូនប្រជាកសិករ នឹងចូលរួមផ្សព្វផ្សាយនិងអនុវត្តតាមការណែនាំខាងលើ ដោយការយកចិត្តទុកដាក់ខ្ពស់៕