ខេត្តកំពង់ចាម៖ លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកម្លាំងខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ សហការជាមួយអាជ្ញាធរស្រុកកងមាស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅ ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបបទល្មើសជលផល នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចចុងព្រែកអន្លង់គគី ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។
ជាក់ស្ដែងក្នុងប្រតិបត្តិការនោះ ឧបករណ៍ល្មើសច្បាប់ដែលក្រុមការងាររុះរើនិងបំផ្លាញចោលនៅនឹងកន្លែងកើតហេតុ រួមមាន ឧបករណ៍លូស្បៃមុងចំនួន១២មាត់ របាំងស្បៃមុងប្រវែង៣៦០ម៉ែត្រ និងបង្គោលចម្រឹងចំនួន ១១៥ដើម ព្រមទាំងចាក់លែងកូនត្រីចម្រុះចូលព្រែកអន្លង់គគីវិញ។
ជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ក្រុមការងារនឹងបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់៕