បទវិភាគ៖អង្គការសហប្រជាជាតិជាកម្លាំងដឹកនាំដ៏សំខាន់ក្នុងអភិបាលកិច្ចសកល

ចែករំលែក៖

ក្នុងមួយសប្តាហ៍កន្លងទៅនេះ កិច្ចប្រជុំជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០បានបើកធ្វើនៅទីស្នាក់ការទូទៅអង្គការសហប្រជាជាតិក្រុងញូវយ៉ក ។ “ចន្លោះខ្វះខាតខាងថវិកាដែលមានភាពកាន់តែលេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃបានដាក់កំហិតសមត្ថភាពប្រតិបត្តិនៃអង្គការសហប្រជាជាតិ”  “តើអង្គការសហប្រជាជាតិអាចចៀសវាងពីការក្លាយជាអង្គការឥតប្រយោជន៍ឬទេ?”។ល។ ប្រឈមមុខនឹងពិភពលោកដែលមានបម្រែបម្រួលនិងរង្គោះរង្គើខ្លាំង មានមតិអន្តរជាតិសម្តែងការព្រួយបារម្ភចំពោះអនាគតនៃអង្គការសហប្រជាជាតិ ។ តែព្រមពេលជាមួយគ្នានេះ មានមនុស្សជាច្រើនក៏បានបង្ហាញពីការគាំទ្រចំពោះអង្គការសហប្រជាជាតិដែរ៖ “អង្គការសហប្រជាជាតិនៅតែអាចដើរតួនាទីគន្លឹះនៅទូទាំងពិភពលោកដដែល”  “អត្ថន័យដ៏សំខាន់នៃអង្គការសហប្រជាជាតិគឺមិនអាចធ្វើឱ្យរង្គោះរង្គើបានទេ”។ល។
អង្គការសហប្រជាជាតិមិនមែនជាអង្គការដ៏ល្អឥតខ្ចោះនោះទេ តែហេតុអ្វីបានជាវាមិនអាចជំនួសបាន?ជាពិសេសគឺនៅរយៈពេល៨០ឆ្នាំក្រោយ ហេតុអ្វីបានជាយើងកាន់តែត្រូវប្រកាន់ខ្ជាប់ឧត្តមគតិអង្គការសហប្រជាជាតិ?
នៅរយៈពេល៨០ឆ្នាំមុន សហគមន៍អន្តរជាតិបានសម្រេចចិត្តបង្កើតអង្គការសហប្រជាជាតិនៅលើមូលដ្ឋាននៃការគិតពិចារណាឡើងវិញយ៉ាងស៊ីជម្រៅនូវមេរៀនដ៏ឈឺចាប់យ៉ាងខ្លាំងនៃសង្គ្រាមលោកលើកទី២ ដែលបានបើកទំព័រថ្មីនៃអភិបាលកិច្ចសកល ។ ក្នុងរយៈពេល៨០ឆ្នាំកន្លងទៅនេះ គឺដោយសារបានបង្កើតប្រព័ន្ធអន្តរជាតិដែលចាត់ទុកអង្គការសហប្រជាជាតិជាស្នូលនិងសណ្តាប់ធ្នាប់អន្តរជាតិដែលចាត់ទុកច្បាប់អន្តរជាតិជាមូលដ្ឋាន សង្គមមនុស្សជាតិទើបសម្រេចបាននូវសន្តិភាពជាទូទៅ ក៏ដូចជាទទួលការអភិវឌ្ឍនិងវិបុលភាពដែលមិនធ្លាប់មានកាលពីមុន ។ បើនិយាយពីអត្ថន័យនេះ អង្គការសហប្រជាជាតិគឺជាកម្លាំងដឹកនាំដ៏សំខាន់ក្នុងអភិបាលកិច្ចសកល ។
ក្នុងនាមជារដ្ឋសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិ ជានិច្ចកាល ចិនតែងតែគាំទ្រយ៉ាងមុតមាំនូវកិច្ចខិតខំប្រឹងប្រែងក្នុងអភិបាលកិច្ចសកលរបស់អង្គការសហប្រជាជាតិ ។ ចាប់ពីខែកញ្ញាមក ចិនបានលើកឡើងគំនិតផ្តួចផ្តើមនិងផែនការប្រតិបត្តិដ៏សំខាន់មួយចំនួនទៀត ។ ក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃក្រុង Tianjin លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលជាលើកដំបូង ដែលបានចង្អុលទិសដៅដ៏ត្រឹមត្រូវសម្រាប់ការកសាងប្រព័ន្ធអភិបាលកិច្ចសកលដែលមានភាពកាន់តែយុត្តិធម៌និងសមហេតុផល ។ លោក António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានយល់ឃើញថា គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិនមានខ្លឹមសារដ៏សម្បូរបែប ទស្សនៈជាស្នូលរបស់គំនិតផ្តួចផ្តើមនេះស៊ីសង្វាក់ខ្ពស់ជាមួយនឹងជំនឿនិងទស្សនៈដែលអង្គការសហប្រជាជាតិបានប្រកាន់ខ្ជាប់នោះ ដែលបានឆ្លើយតបយ៉ាងខ្លាំងនឹងសំឡេងដ៏ខ្លាំងក្លារបស់សហគមន៍អន្តរជាតិចំពោះការកែលម្អប្រព័ន្ធអភិបាលកិច្ចសកលតាមរយៈកំណែទម្រង់ ។
ការរំលឹកពីប្រវត្តិសាស្ត្រ គឺដើម្បីត្រួសត្រាយអនាគតឱ្យបានកាន់តែល្អ ។ ក្នុងឱកាសខួបទី៨០ឆ្នាំនៃការបង្កើតអង្គការសហប្រជាជាតិ មហាសន្និបាតអង្គការសហប្រជាជាតិលើកនេះបានធ្វើឡើងក្រោមប្រធានបទ “ពួតដៃគ្នារីកចម្រើនទៅមុខ៖ជំរុញសន្តិភាព ការអភិវឌ្ឍនិងសិទ្ធិមនុស្សរយៈពេល៨០ឆ្នាំ បន្តវេនបុព្វហេតុជំនាន់មុននិងត្រួសត្រាយផ្លូវអភិវឌ្ឍន៍ថ្មីនៅពេលអនាគត ដើម្បីបើកទំព័រថ្មី” បានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ប្រជាជននៃបណ្តាប្រទេសនានាចំពោះសន្តិភាពនិងការអភិវឌ្ឍ ក៏ដូចជាសេចក្តីប្រាថ្នាចំពោះយុត្តិធម៌និងសមភាពផងដែរ ។ លើផ្លូវបោះជំហានទៅមុខ ចិននឹងបន្តប្រកាន់ខ្ជាប់ឧត្តមគតិអង្គការសហប្រជាជាតិ ផ្សព្វផ្សាយស្មារតីពហុភាគីនិយម អនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើមសកលចំនួន៤ ជំរុញការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ ដើម្បីរួមជាមួយប្រទេសនានាកសាងពិភពលោកឱ្យកាន់តែមានភាពចុះសម្រុងគ្នានិងល្អបវរ ៕ដោយ÷ចន្ទ លីហ្សា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print