ខេត្តពោធិ៍សាត់៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នេះថា៖ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ បណ្តាលឲ្យទឹកហូរបុកច្រោះដាច់តួផ្លូវ កំណាត់ផ្លូវជាតិលេខ៥៥ នៅPK 152+850- PK 152+900 ប្រវែង៥០ម៉ែត្រ ទទឹងជាង១ម៉ែត្រ (នៅសល់ជាង១ម៉ែត្រទៀតដល់ចិញ្ចើមផ្លូវ) និងហូរបាក់ដីគ្រប់លើលូតាមបណ្តោយផ្លូវថ្នល់។
ជាមួយគ្នានេះ លោកអ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ថាក្រុមការងារនាយកដ្ឋានជួសជុល ថែទាំផ្លូវថ្នល់ នៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងកាយរើ ដុំថ្ម ធ្លាក់ បិទប្រពន្ធបណ្តាញលូបណ្តោយថ្នល់ ដាក់ផ្លាកសញ្ញាផ្តល់ព័ត៌មានដល់អ្នកបើកបរឲ្យមានការប្រុងប្រយ័ត្ន។
លោក ផន រឹម បានគូសបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៥៥ មានសភាពធម្មតា៕