សារព័ត៌មាន Reuters បានផ្សាយថា អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ថាចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រដែលបានវាយប្រហារលើភាគកណ្ដាលនៃប្រទេស កាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ បានកើនដល់ ៧២នាក់។
ទីភ្នាក់ងារការពារជនស៊ីវិលហ្វីលីពីន បានបញ្ជាក់ទៀតថាមនុស្ស២៩៤នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ។ តួលេខអ្នកស្លាប់ចុងក្រោយបំផុតនេះបានកើនឡើងបន្ទាប់ពីមនុស្ស៣នាក់ទៀត បានស្លាប់ ហើយអ្នកស្លាប់ទាំងអស់ត្រូវបានរាយការណ៍ក្នុងតំបន់ Visayas ភាគកណ្ដាលនៃប្រទេស។ គ្រោះរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រ បានវាយប្រហារទីក្រុង Cebu កាលពីយប់ថ្ងៃអង្គារ ដោយបណ្ដាលឱ្យខូចខាតដល់បណ្ដាញផ្គត់ផ្គង់អគ្គិសនី ស្ពាន និងអគារជាច្រើនក្នុងនោះរួមមានទាំងព្រះវិហារគ្រឹស្តមួយមានអាយុកាលជាង១០០ឆ្នាំ។
គ្រោះរញ្ជួយដីនៅទីក្រុង Cebu គឺជាគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតមួយនៅហ្វីលីពីន ចាប់តាំងពីឆ្នាំ២០១៣មក ជាពេលដែលគ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រវាយប្រហារលើកោះ Bohol ដោយសម្លាប់មនុស្ស ២២២នាក់។ ហ្វីលីពីនជាប្រទេសមួយមានទីតាំងភូមិសាស្ត្រស្ថិតនៅលើខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក និងតែងជួបប្រទះការរញ្ជួយដីយ៉ាងហោច ៨០០លើកក្នុងមួយឆ្នាំៗ៕
រូបថត: vtv