ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ជិះម៉ូតូ១គ្រឿងចេញពីធ្វើការ ស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូដេញតាមកាប់យកម៉ូតូរបស់នាងទៅបាត់កាលពីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នៅចំណុចមណ្ឌល៨ ភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ស្ត្រីរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ នៅពេលដែលគាត់ចេញពីធ្វើការពេលយប់ ហើយជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមចេញពីកន្លែងធ្វើការមកផ្ទះ។ លុះមកដល់ចំណុចមណ្ឌល៨ ដែលជាកន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន៣នាក់មានដាវសាមូរ៉ៃ២ដើម ជិះម៉ូតូ១គ្រឿងដេញតាមស្ទាក់ពីមុខ
រកកាប់បណ្តាលឱ្យគាត់ដួលម៉ូតូ ហើយត្រូវជនសង្ស័យយកម៉ូតូរបស់គាត់ជិះទៅបាត់។
ស្ត្រីរងគ្រោះបញ្ជាក់ថា ក្រោយជនសង្ស័យស្ទាក់កាប់យកម៉ូតូទៅបាត់ គាត់ក៏បានទៅដាក់បណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីឱ្យជួយរកម៉ូតូ និងចាប់ជនល្មើសយកមកចាត់ការតាមច្បាប់។
នាយប៉ុស្តិ៍នគរបាលអូរឫស្សីបញ្ជាក់ថា នៅពេលនេះ កម្លាំងជំនាញកំពុងស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ ដើម្បីឈានទៅរកមុខសញ្ញាជនសង្ស័យ និងឃាត់ខ្លួនយកមកអនុវត្តន៍តាមច្បាប់អោយខាងតែបាន ដើម្បីការពារភូមិ/ឃុំមានសុវត្ថិភាព៕