លោក ឃួង ស្រេង ជំរុញឱ្យមន្ដ្រីជំនាញអនុវត្ដការងារសសាងសង់ប្រឡាយលូ បានលឿននារដូវប្រាំងនេះ ដើម្បីរដូវវស្សាឈប់លិចលង់ទៀត នៅរាជធានី

ចែករំលែក៖

ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានជំរុញឱ្យមន្ដ្រីជំនាញ បន្ដការងារអនុវត្ត សាងសង់ប្រឡាយលូ រំដោះទឹកចេញពីមូលដ្ឋានប្រជាពលរដ្ឋនិងចេញពីក្នុងរាជធានីភ្នំពេញឱ្យបានលឿន និងបន្ដការងារបន្តទប់ស្កាត់ បង្ក្រាបគ្រឿង ញៀន ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ។
លោក ឃួង ស្រេង បានជំរុញបែបនេះ ខណៈ ឯកឧត្ដម ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ នៅក្នុងឆ្នាំនេះ គ្រោះធម្មជាតិបានយាយីពេញពិភព លោក ដូចជាគ្រោះរញ្ជួយដី ខ្យល់ព្យុះ និងគ្រោះទឹកជំនន់ជាដើម ក្នុងនោះសំរាប់រាជធានីភ្នំពេញយើងក៏បានទទួលឥទ្ធិពលនេះផងដែរ នោះគឺគ្រោះជំនន់ទឹកភ្លៀង។ លោកក៏បានណែនាំឱ្យអាជ្ញាធរទាំង១៤ខណ្ឌត្រូវយកចិត្តទុកដាក់ ពិសេសជំរុញការអនុវត្ត ការងាររំដោះទឹកចេញពីមូលដ្ឋានប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញឱ្យបានលឿននិងមានប្រសិទ្ធភាពខ្ពស់។
លោក  ក៏បានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤បន្តធ្វើការងារចុះពិនិត្យប្រឡាយ លូ  ក្នុងភូមិសាស្ត្រខ្លួនហើយណែនាំប្រជាពលរដ្ឋកុំឱ្យបោះសំរាមចូលលូ ប្រឡាយនាំឱ្យស្ទះ។លោកនិងលោកស្រីជាអភិបាលខណ្ឌភិបាលខណ្ឌសហការជាមួយមន្ទីរជំនាញនៅខែប្រាំងស្ដារ លូ ស្ដារប្រឡាយ ហើយខែវស្សានាំគ្នាចុះត្រួតពិនិត្យប្រឡាយ លូមើលកន្លែងណាស្ទះកាយបើកមុខទឹកដែលឯកឧត្ដមជាឆ្អឹងខ្នង។មន្ត្រីជំនាញត្រូវចុះពិនិត្យរឺហ្គ្រាលូ លូ មន្ទីរសាធារណការត្រូវចាត់ជំនាញជិះម៉ូតូឡាន មើលផ្លូវមើលគំនូសចរាចរ និងស្លាកសញ្ញាចរាចរដែលធ្លាក់ បាក់បែកឬបាត់រាយការមករដ្ឋបាលរាជធានីភ្លាម។ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មិនមែនធ្វើការងារតែលើ ការងារសន្តិសុខ សុវត្ថិភាពប៉ុណ្ណោះទេ គឺយើងធ្វើការងារគ្រប់ជំពូកទាំងអស់ ដើម្បីផលប្រយោជន៍និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ចំពោះការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) វាជារឿងសំខាន់ដែលរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ ពោលគឺ បើពិនិត្យឃើញមានទីតាំង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)ត្រូវចុះបង្ក្រាបភ្លាម។
  លោក ឃួង ស្រេង បានឱ្យដឹងផងដែរថា៖ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) កម្លាំងយើងបង្ក្រាបបានប្រមាណ៨០%ហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំង ចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ពោលគឺត្រូវបន្តការចុះពិនិត្យនៅតាមបុរីនិងខុនដូ ដែលមានការសង្ស័យ។ នៅពេលចុះបង្ក្រាប ត្រូវអនុវត្តប្រកប ដោយវិជ្ជាជីវៈខ្ពស់និងភាពច្បាស់លាស់។
  លោក ឃួង ស្រេង បានបន្តទៀតថា៖ គ្រឿងញៀនក៏ជាបញ្ហាដ៏ធំមួយ ដោយវាបាននឹងកំពុងចាក់គ្រឹះនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដែលអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះបង្ក្រាប ហើយអ្វីដែលសំខាន់នោះ គឺលោកស្នើឱ្យ កងរាជអាវុធហត្ថនិងប៉ូលីស ត្រូវសហការគ្នាឱ្យបានល្អ ដើម្បីរួមគ្នាលុបបំបាត់គ្រឿង ញៀនឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកក៏បានស្នើសុំ ឱ្យមន្ទីរប្រឆាំងបទល្មើសគ្រឿង ញៀនក្រសួងមហាផ្ទៃ សហការគ្នាឱ្យបានល្អជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញនៅពេលចុះបង្ក្រាប គ្រឿងញៀននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញម្តងៗ៕

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print