ខេត្តកណ្ដាល÷បុរសម្នាក់ដែលជាជនត្រូវចោទក្នុងសំណុំរឿងប្លន់ និងលួចកាលពីអំឡុងឆ្នាំ ២០០៧ និង ២០១៤ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹង ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល។ ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចភូមិដើមឫស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ ចយ សុខគ្រី (ប្រុស, ៣៩ឆ្នាំ) គ្មានមុខរបរពិតប្រាកដ រស់នៅក្នុងភូមិដើមឫស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង។
សមត្ថកិច្ចបានបន្តថា ជនត្រូវចោទរូបនេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន ២ដីកាពីសាលាដំបូងខេត្តកណ្តាល៖
១- ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១២៤ ដកបចខ ចុះថ្ងៃទី១១ ឧសភា ២០០៧ របស់លោក សែម សក្តិកូឡា ចៅក្រមស៊ើបសួរ ពីបទប្លន់ ដែលបានប្រព្រឹត្តនៅចំណុចភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង។
២- ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៨៨៣ ចុះថ្ងៃទី២២ តុលា ២០១៤ របស់លោក ទី សំណាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ពីបទលួចមានការកាប់គាស់ទម្លុះទម្លាយ ដែលបានប្រព្រឹត្តនៅចំណុចភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង។
បច្ចុប្បន្ន ជនត្រូវចោទខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕