ខេត្តកណ្ដាល÷ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលសហការជាមួយសមត្ថកិច្ចខេត្តកំពង់ស្ពឺ តាមចាប់ខ្លួនបានដល់ទីកន្លែងស្នាក់នៅ បន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែកពីស្ត្រីម្នាក់បានសម្រេច ខណៈកំពុងឈប់ទិញបារីនៅមុខតូបរបស់ជនរងគ្រោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៩ តុលា ២០២៥ នៅចំណុចភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ រឿន ធារ៉ា ហៅតុង ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកបក្ខ ពួកម្នាក់ទៀតឈ្មោះ ថា បានរត់គេចខ្លួនបាត់។ លោកអធិការបានបន្តថា ជនសង្ស័យ រឿន ធារ៉ា មិនមានសារធាតុញៀននៅក្នុងខ្លួននោះទេ។
លោកអធិការបញ្ជាក់ពីសភាពរឿងហេតុថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ កឹម ផារ៉ែន ភេទស្រី អាយុ ៤២ឆ្នាំ កំពុងលក់ដូរនៅមុខផ្ទះធម្មតា។ លុះដល់វេលាម៉ោង ១៥:៥០នាទី ជនសង្ស័យ រឿន ធារ៉ា និងបក្ខពួកបានជិះម៉ូតូមួយគ្រឿងម៉ាក Honda Winner X ស៊េរីឆ្នាំ២០២៣ ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 1AA- 6413 មកឈប់នៅមុខតូប ហើយធ្វើពុតជាទិញបារី។ ពេលជនរងគ្រោះកំពុងលក់មិនប្រយ័ត្ន ជន សង្ស័យឈ្មោះ ថា បានលូកដៃឆក់យកខ្សែកពីករបស់ជនរង គ្រោះ ហើយពួកគេក៏បានជិះម៉ូតូគេចខ្លួនបាត់ទៅ។ ភ្លាមនោះ ជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍បែកចានភ្លាមៗ។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចទាំង១០ ប៉ុស្តិ៍នៃស្រុកអង្គស្នួល បានសហការជាមួយកម្លាំងជំនាញចេញល្បាតតាមស្វែងរក។ លុះដល់ព្រឹកថ្ងៃទី១០ តុលា ២០២៥ កម្លាំងនគរបាលយុត្តិធម៌ស្រុកអង្គស្នួល បានទទួលព័ត៌មានពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបូរ នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ថាបានប្រទះឃើញមុខសញ្ញាខាងលើ។ ក្រោយមក កម្លាំងទាំងពីរបានសហការគ្នាចុះទៅដល់ទីតាំងដែលជនសង្ស័យកំពុងស្នាក់នៅ ហើយនាំខ្លួនជនសង្ស័យ រឿន ធារ៉ា មកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។ វត្ថុតាងដែលដកហូតបានរួមមាន ម៉ូតូមួយគ្រឿងម៉ាក Honda Winner X ស៊េរីឆ្នាំ២០២៣ ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 1AA-6413 និងលោហៈធាតុពណ៌លឿងទុំសង្ស័យផ្លាកទីន ទម្ងន់ប្រហែល ១តម្លឹង ដែលជាខ្សែករបស់ជនរងគ្រោះ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកបានធ្វើសកម្មភាពឆក់ខ្សែកពីជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕