ចិនអះអាងពីជំហរអព្យាក្រឹត្យលើជម្លោះព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ភ្នំពេញ ៖ ឆ្លើយតបទៅសំណួរពីជំហរអព្យាក្រឹតរបស់ចិនលើជម្លោះព្រំដែនរវាងកម្ពុជា និងថៃ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក  Guo Jiakun បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសចិនអនុវត្តកិច្ចសហប្រតិបត្តិការការពារជាតិតាមទម្លាប់ជាមួយបណ្តាប្រទេសអាស៊ានទាំងអស់ ហើយប្រកាន់យកជំហរអព្យាក្រឹត្យ។ លោក Guo Jiakun បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីអ្នកសារព័ត៌មាន បានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចថ្មីៗនេះដែលនិយាយថាប្រទេសចិនបានផ្តល់ការផ្គត់ផ្គង់អាវុធយ៉ាងច្រើនដល់កម្ពុជា។

អ្នកនាំពាក្យក្រសួងការបរទេសចិនដដែលបានបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះឡើងនៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ក្នុងនាមជាប្រទេសជិតខាងជាមិត្តនៃប្រទេសទាំងពីរ ប្រទេសចិនបានប្រកាន់ជំហរត្រឹមត្រូវ និងយុត្តិធម៌ ហើយបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការលើកកម្ពស់កិច្ចចរចាដើម្បីសន្តិភាព។ 

លោកបន្តថា ជាមួយនឹងការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ប្រទេសចិន ម៉ាឡេស៊ី និងភាគីផ្សេងៗ កម្ពុជា និងថៃបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយភាគីទាំងពីរកំពុងទំនាក់ទំនងគ្នាតាមរយៈយន្តការទ្វេភាគី។ ភាគីពាក់ព័ន្ធទាំងអស់វាយតម្លៃខ្ពស់ចំពោះតួនាទីដែលមិនអាចខ្វះបានរបស់ប្រទេសចិន។នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ចិនបានគាំទ្រជាពិសេសដល់ម៉ាឡេស៊ី ក្នុងឋានៈជាប្រធានអាស៊ានផ្លាស់វេន ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងដំណោះស្រាយ។

គួរឱ្យដឹងថាកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ កាសែត The New York Times បានចុះផ្សាយដោយយោងតាមរបាយការណ៍ស៊ើបអង្កេតសម្ងាត់របស់ថៃថា នៅប៉ុន្មានសប្តាហ៍មុនហេតុការណ៍ផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ យន្តហោះយោធាចិនបានដឹកជញ្ជូនគ្រឿងសព្វាវុធយ៉ាងច្រើន និងបានចុះចតយ៉ាងស្ងៀមស្ងាត់នៅកំពង់ផែរាម ដែលស្ថិតក្នុងមូលដ្ឋានកងទ័ពជើងទឹក នៅខេត្តព្រះសីហនុរបស់កម្ពុជា ប៉ុន្តែរបាយការណ៍នេះត្រូវបាន ចិនច្រានចោល ដោយអះអាងថាចិនមិនបានពាក់ព័ន្ធក្នុងទំនាស់ព្រំដែនកម្ពុជា-ថៃនោះទេ នេះបើតាមការឱ្យដឹងពីឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ៕

ប្រភព ៖ vayoradio

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print