ប្រើពេលត្រឹម២៥ម៉ោង បំបែកករណីឃាតកម្មគិតទុកជាមុន (សម្លាប់រួចប្រមូលទ្រព្យសម្បត្តិគេចខ្លួន)

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ កម្លាំង សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះពិនិត្យស្រាវជ្រាវករណីឃាតកម្មមួយ នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ដែលជនរងគ្រោះឈ្មោះ អៀន ម៉ន ភេទស្រី អាយុ៨៩ឆ្នាំ ត្រូវបានសម្លាប់នៅក្នុងផ្ទះរបស់ខ្លួន ។

ក្រោយពីការស្រាវជ្រាវ រកឃេីញថា៖ ជនសង្ស័យឈ្មោះ ភុំ វាសនា (ហៅ ស្នា ឬ ម៉ៅ) អាយុ២០ឆ្នាំ ជាជនជាតិខ្មែរ ត្រូវជាចៅទួតរបស់ជនរងគ្រោះ ដោយបានប្រើខ្នើយខ្ទប់មុខ និងច្របាច់ក ធ្វើឲ្យយាយស្លាប់ បន្ទាប់មកលួចយកខ្សែកមាសទម្ងន់ ១ជី៩ហ៊ុន និងប្រាក់៥០ម៉ឺនរៀល រួចចាក់សោទ្វារពីខាងក្រៅ ហើយរត់គេចខ្លួនទៅខេត្តរតនគិរី ។ 

ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តរតនគីរី តាមឃាត់ខ្លួនបានជនសង្ស័យក្នុងរយៈពេល២៥ម៉ោងបន្ទាប់ ។ 

ជនសង្ស័យបានសារភាពថា បានធ្វើសកម្មភាពពិតប្រាកដមែន ដោយមូលហេតុខឹងយាយជេរ និងចង់យកលុយទៅរកសង្សារ ។ 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print