ខេត្តពោធិ៍សាត់៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃអាទិត្យទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ក្រុមការងារបច្ចេកទេស និងការដ្ឋាន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ នៅប៉ុន្មានថ្ងៃជាប់ៗគ្នានេះ បានចាប់ផ្តើមសកម្មភាពជួសជុល ស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៥៥(ចំណុចអន្ទង់អាំង) PK141+300 ដែលរងប៉ះពាល់ដោយទឹកភ្លៀងហូរច្រោះ ធ្លាក់ភក់ ដើមឈើ និងថ្មលើតួផ្លូវ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ។
លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា សកម្មភាពជួសជុល និងស្តារឡើងវិញនោះរួមមាន៖ ការជួសជុលផ្លូវដោយក្រាលកៅស៊ូDBSTដែលខូចខាត, ជួសជុលសំណង់ប្រឡាយ និងស្តារដីភក់ ដុំថ្ម ដើមឈើចេញពីប្រឡាយ។
បន្ថែមពីនេះ អ្នកនាំពាក្យរូបនេះ បន្តថា ស្ថានភាពចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋមានសភាពធម្មតា ខណៈដែលទឹកភ្លៀងបានថមថយខ្លះ ដែលបង្កលក្ខណៈងាយស្រួលដល់ដំណើរការការដ្ឋាន។
ជាមួយគ្នានេះ លោក ផន រឹម ក៏សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ដោយត្រូវបើកបរក្នុងល្បឿនមួយដែលអាចគ្រប់គ្រងបាន ស្តាប់តាមការណែនាំរបស់ក្រុមការងារការដ្ឋាន និងសូមមេត្តាយោគយល់ដល់ដំណើរការការដ្ឋានរំខានដល់ការធ្វើដំណើររបស់បងប្អូន៕