ប្រធានាធិបតីអ៊ុយក្រែន ស្នើលោកត្រាំ បញ្ចប់សង្គ្រាម ដូចនៅមជ្ឈិមបូព៌ា

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជំរុញឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជួយសម្របសម្រួលបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដូចនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែរ អំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទមួយ កាលពីថ្ងៃសៅរ៍ ទី១១ ខែតុលា ដោយសង្កត់ធ្ងន់ថាប្រសិនបើលោក ត្រាំ អាចបញ្ឈប់សង្រ្គាមមួយបាន នោះសង្រ្គាមផ្សេងទៀតក៏អាចត្រូវបានបញ្ឈប់ដែរ។

កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ហ្សេលេនស្គី និងលោក ត្រាំ កើតមានឡើងមួយថ្ងៃ ក្រោយរុស្ស៉ីបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនដោយធ្វើឱ្យ ដាច់ចរន្តអគ្គិសនីនៅតាមផ្នែកជាច្រើននៃរដ្ឋធានីកៀវ និងទីក្រុងរបស់អ៊ុយក្រែនមួយចំនួនទៀត។ កាន់តែសំខាន់ជាងនេះ កិច្ចសន្ទនានេះធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានប្រកាសថាអ៉ីស្រាអែល និងហាម៉ាស បានឈានដល់ការឯកភាពគ្នាលើដំណាក់កាលទី១ នៃផែនការសន្តិភាពហ្កាហ្សារបស់លោកកាលពីថ្ងៃពុធកន្លងទៅនេះ។
ក្នុងការបង្ហោះមួយលើ Facebook ដើម្បីបង្ហាញការអបអរសាទរចំពោះលោក ត្រាំ ដែលសម្រេចបានបទឈប់បាញ់រវាងអ៉ីស្រាអែល និងហាម៉ាស លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ខ្ញុំមានកិច្ចពិភាក្សា ជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលជាកិច្ចសន្ទនាមួយប្រកបដោយភាពវិជ្ជមាន និងផលិតភាព»។ លោក ហ្សេលេនស្គី បន្តទៀតថា «ប្រសិនបើសង្រ្គាមមួយត្រូវបានបញ្ឈប់ក្នុងតំបន់មួយ នោះប្រាកដណាស់ សង្រ្គាមដទៃទៀតក្នុងនោះរួមមានសង្រ្គាមរបស់រុស្ស៉ីក៏អាចត្រូវបានបញ្ឈប់ផងដែរ»។
បើតាមលោក ហ្សេលេនស្គី ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ រូបលោកក៏បានពិភាក្សាជាមួយលោក ត្រាំដែរ អំពីការពង្រឹងសមត្ថភាពប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ស្របពេលរុស្ស៉ីកំពុងបង្កើន ការវាយប្រហារដោយមីស៊ីល និងដ្រូនលើអ៊ុយក្រែន ខណៈរដូវរងាកាន់ខិតជិតចូលមកដល់៕

...

រូបថត​: NLDO

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print