ភ្នំពេញ៖ លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ផ្ដល់សេវាសាធារណៈជូនពលរដ្ឋនៅមូលដ្ឋានខ្លួន ឱ្យបានលឿន ខណៈមានលិចឮថាមន្ដ្រីខ្លះកំពុងរកលាភសក្ការៈ ធ្វើឱ្យយឺតយ៉ាវឯកសារផ្សេងៗ ដែលពួកគាតបានមករកពឹង ពាក់ បញ្ជាក់ពីអាជ្ញាធរ ដើម្បីចូលធ្វើការតាមបណ្ដាក្រុមហ៊ុនរោងចក្រ នានា បច្ចុប្បន្ននេះ ។
លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរ សង្កាត់ ខណ្ឌ ត្រូវផ្តល់សេវាឱ្យបានលឿនបែបនេះ
ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់មនោរម្យនិងសង្កាត់មិត្តភាព ខណ្ឌ៧មករា នៅរសៀលថ្ងៃទី១៣ ខែតុលាឆ្នាំ២០២៥ ។
លោក ឃួង ស្រេង នៅបានណែនាំឱ្យមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ប្រឹងប្រែងកសាង សមាជិកបក្សឱ្យបានច្រើនទៅតាមអ្វីដែលអាចធ្វើបាន ហើយសង្ឃឹមថា នៅពេលបោះឆ្នោត សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់នឹងអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបានគ្រប់គ្នា។ មន្ត្រីបក្សមូលដ្ឋាន សមាជិក សមាជិការបក្សទាំងអស់ត្រូវយកចិត្តទុកដាក់និងធ្វើសកម្មភាពដើម្បីគណបក្សបន្ថែមទៀត ព្រោះ មហិច្ចតារបស់គណបក្ស គឺត្រូវដឹកនាំប្រទេសជាតិជារៀងរហូត ដើម្បីសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។ យើងពិតជាមានមោទនភាព ដែលមានថ្នាក់ដឹកនាំដ៏ឆ្នើមនោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តមកសម្ដេចបវរអធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ដែលបានប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងកិច្ចការពារបូរណៈភាពទឹកដី មិនឱ្យបាត់បង់មួយមីលីម៉ែត្រឡើយ។
ការជួបជុំគ្នាថ្ងៃនេះ គឺដើម្បីពិភាក្សា ពិគ្រោះយោបល់ រកចំណុចខ្លាំង ចំណុចខ្សោយ ធ្វើយ៉ាងណា ឱ្យគណបក្សប្រជា ជនកម្ពុជា សម្រេចបានមហិច្ចតារបស់គណបក្ស គឺដឹកនាំប្រទេសជារៀងរហូត។ ជាមួយគ្នានេះអ្វីដែលសំខាន់បំផុតនោះ គឺសាមគ្គីភាពផ្ទៃក្នុងរបស់បក្សឱ្យបានល្អ ដោយយើងត្រូវដឹងថា៖ សាមគ្គីភាពនេះហើយ ជាកត្តាជោគជ័យគ្រប់ភារកិច្ច។ ទាំងចៅសង្កាត់ និងមេភូមិនីមួយៗ បានលើកឡើងពីសមិទ្ធផលរបស់បក្សដែលសម្រេចបាន ជាមួយនិងការលើកឡើងពីផែនការសកម្មភាពដែលបាននិងកំពុងអនុវត្ត ដូចជាការខិតខំកសាងសមាជិកបក្ស ការរក្សាសន្តិ សុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនបានល្អ។បន្ថែមពីនេះក៏បានលើកឡើងពីការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះ ចោរសៀមឈ្លានពានទឹកដីកម្ពុជា និងសកម្មភាពអមនុស្សធម៌ បំពារបំពាន រំលោភសិទ្ធិមនុស្ស មកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់រស់នៅតាមព្រំដែន៕
ដោយ សំរិត