ភ្នំពេញ៖ រថយន្តសណ្តោងកុងតឺន័របេីកខ្វះការប្រុងប្រយ័ត្នខណៈមេឃកំពុងតែភ្លៀងធ្វើឱ្យជ្រុលទៅបុករថយន្តតាក់ស៊ីwownow កំពុងបេីកបត់ត្រលប់ក្រោយបណ្តាលឲ្យរងការខូចខាត ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៣ខែតុលាឆ្នាំ២០២៥ ទល់មុខផ្សារស្ទឹងមានជ័យចាស់ ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេឃើញបុរសម្នាក់បានបេីករថយន្តតាក់ស៊ី ក្រុមហ៊ុន wow now ម៉ាក CHANGAN EADO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2CF-6726 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ក្នុងទិសដៅពីលិចទៅកេីតខណៈមេឃកំពុងតែភ្លៀង លុះមកដល់ចំណុចកេីតហេតុក៏បត់ឆ្វេងត្រឡប់ក្រោយវិញ គាប់ជួនពេលនោះក៏ស្រាប់តែមានបុរសម្នាក់ទៀតបានបេីករថយន្តសណ្តោងកុងតឺន័រ ម៉ាក NISSAN ពាក់ស្លាកលេខភ្នំពេញ3B-5458ធ្វើដំណើរក្នុងទិសដៅស្របគ្នាជាន់ហ្រ្វាំងមិនជាប់ក៏ជ្រុលទៅបុកពីក្រោយរថយន្តតាក់ស៊ីយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តតាក់ស៊ីរងការខូចខាតខ្ទេចស្រុញផ្នែកខាងក្រោយយ៉ាងដំណំ ។
ដោយឡែកខាងរថយន្តសណ្តោងកុងតឺន័រវិញរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេង តែក្នុងហេតុការណ៍នេះមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ក្នុងករណីនេះផងដែរក៏មានតំណាងរថយន្តទាំងសងខាងបានសម្របសម្រួលគ្នា ដោយខាងរថយន្តសណ្តោងកុងតឺន័រ ជួយចេញថ្លៃការជួសជុលអោយខាងរថយន្តតាក់ស៊ីដើម្បីបញ្ចប់រឿង ៕