ភ្នំពេញ៖ ជនជាតិចិនបានបេីករថយន្តម៉ាក DOGNFENG សេ៊រីទំនើបជ្រុលទៅបុកម៉ូតូសង់កូរ៉េដែលជិះដោយឪពុកនិងកូន២នាក់ពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសជាឪពុកបោកក្បាលស្លាប់ ចំណែកកូនប្រុសវ័យប្រហែល៥ឆ្នាំ រងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ជិតស្ពានកំពង់ទួល ផ្លូវជាតិលេខ៣ ក្នុងភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះនិងអ្នកបេីកបរបង្កហេតុគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកេីតហេតុគេឃើញឪពុកកូនពីរនាក់បានជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហមធ្វើដំណើរតាមបណ្ដោយផ្លូវ ជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកេីតហេតុក៏ស្រាប់តែមានបុរសជនជាតិចិន២នាក់រួមទាំងអ្នកបេីកបរបានបេីករថយន្តម៉ាក DOGNFENG AEOLUS HUGE ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ កម្ពុជា G.T.3188 បានបេីកក្នុងទិសដៅស្របគ្នាដោយល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះពីក្រោយអូសម៉ូតូនិងមនុស្សជាច្រើនម៉ែត្រ ធ្វើឲ្យបុរសជាឪពុកបោកក្បាលហូរឈាមស្លាប់យ៉ាងអាណោចអាធ័មនៅកណ្ដាលផ្លូវ ចំណែកកូនប្រុសវ័យប្រហែល៥ឆ្នាំរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកណ្ដាលស្ទឹង។
ដោយឡែកខាងរថយន្តរងការខូចខាតផ្នែកខាងមុខគាបជាប់ម៉ូតូឈរឆ្កឹងតែមិនមានគ្រោះថ្នាក់ដល់មនុស្ស គ្រាន់តែអ្នកបេីកបរត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍រង់ចាំប្រគល់អោយផ្នែកជំនាញចរាចរណ៍ធ្វើការបន្ត ។
ករណីនេះដោយសារសមត្ថកិច្ចស្វែងរកសាច់ញាតិសពមិនទាន់ឃើញក៏សម្រេចអោយរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកដង្កោដឹកសពយកទៅរក្សាទុកដេីម្បីស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំណែកមធ្យោបាយរួមទាំងអ្នកបេីកបរ ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ៕