បទពិសោធ និងសារសំខាន់នៃការបន្ថែមប៉ុស្តិ៍នគរបាលប្រចាំការអចិន្ត្រៃយ៍២៤ម៉ោង នៅសៀមរាប!

ចែករំលែក៖

ខេត្តសៀមរាប ៖ បន្ថែមលើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ចំនួន១០០ ប៉ុស្តិ៍នគរបាលចរាចរណ៍ផ្លូវគោក និងប៉ុស្តិ៍នគរបាលការពារបេតិកភណ្ឌមួយចំនួនទៀត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានទទួលការឯកភាពពីអគ្គស្នងការនគរបាលជាតិ រៀបចំប៉ុស្តិ៍នគរបាលប្រចាំការអចិន្ត្រៃយ៍២៤ម៉ោង។ ប៉ុស្តិ៍នគរបាលប្រចាំការអចិន្ត្រៃយ៍២៤ម៉ោង ត្រូវបានកំណត់ដាក់បន្ថែមនៅតាមគោលដៅ និងភូមិសាស្រ្តមានហានិភ័យ ដើម្បីបម្រើបេសកកម្មធានាសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋទូទៅ។

ក្រោយចូលកាន់តំណែងជាស្នងការជាង១ឆ្នាំ បច្ចុប្បន្ន លោកឧត្តមសេនីយ៍ទោ ហួត សុធី បានដាក់ឱ្យដំណើរការ ប៉ុស្តិ៍នគរបាលប្រចាំការអចិន្ត្រៃយ៍២៤ម៉ោង បានចំនួន៩គោលដៅរួចជាស្រេចហើយ រួមមាន នៅសង្កាត់ស្រង៉ែ ចំនួន១ប៉ុស្តិ៍ នៅសង្កាត់គោកចក ចំនួន១ប៉ុស្តិ៍ នៅសង្កាត់សាលាកំរើក ចំនួន២ប៉ុស្តិ៍ នៅសង្កាត់ស្វាយដង្គំ ចំនួន១ប៉ុស្តិ៍ នៅសង្កាត់ស្លក្រាម ចំនួន២ប៉ុស្តិ៍ នៅឃុំកណ្ដែង ចំនួន១ប៉ុស្តិ៍ និងឃុំចាន់ស ចំនួន១ប៉ុស្តិ៍ ខណៈផែនការបង្ហើយមុនដាច់ឆ្នាំង២០២៥ មាន២ប៉ុស្តិ៍ទៀត គឺនៅប៉ុស្តិ៍អំពិល និងប៉ុស្តិ៍ត្រពាំងធំ។

បើតាមលោកស្នងការ «យើងបានណែនាំកងកម្លាំង ដោយបានធ្វើភារកិច្ចប្រគល់ជូនកងកម្លាំង ដើម្បីឱ្យកងកម្លាំងយើងដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនេះ ធ្វើការរៀបចំបែងចែកសកម្មភាព ល្បាត ពួនស្ទាក់ ទប់ស្កាត់បទរាល់ល្មើសនានានៅក្នុងភូមិសាស្ត្រ ជាពិសេស គឺបានត្រៀមចេញអន្តរាគមន៍ក្នុងករណីមានគ្រោះថ្នាក់ផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ អគ្គីភ័យ ហិង្សាដែលកើតមាននៅក្នុងតំបន់ប្រចាំការ២៤ម៉ោង គឺចេញទៅដោយសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាល»។

លោកស្នងការបន្ថែមថា ការដាក់ឱ្យមានប៉ុស្ដិ៍ប្រចាំការ២៤ម៉ោងនេះ ពិតជាផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅពេលយប់ ពេលមានបញ្ហាណាមួយកើតឡើងនោះ ប្រជាពលរដ្ឋអាច ដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ប្រចាំការ២៤ម៉ោងដែលមានកងកម្លាំងប្រចាំការនៅទីនោះស្រាប់ ដើម្បីទទួលពាក្យបណ្ដឹង ដោះស្រាយបណ្ដឹង និងត្រៀមចេញអន្តរាគមន៍គ្រប់ពេលវេលា។

សូមបញ្ជាក់ថា ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានកំណត់លក្ខណៈសម្បត្តិ និងភារកិច្ចចំនួន៧ ដល់ប៉ុស្តិ៍នគរបាលប្រចាំការអចិន្ត្រៃយ៍២៤ម៉ោង ដូចខាងក្រោម៖

១. ប៉ុស្តិ៍ប្រចាំការអចិន្ត្រៃយ៍ត្រូវមានកម្លាំងប្រចាំការចាប់ពី ៤នាក់ឡើង មានវិទ្យុទាក់ទង ដើម្បីស្តាប់ទទួលព័ត៌មាន សេចក្តីរាយការណ៍ទាន់ហេតុការណ៍ផ្សេងៗ ពីប្រជាពលរដ្ឋ ២៤/៧ និងរងចាំទទួលបណ្តឹងពីប្រជាពលរដ្ឋ ដែលត្រូវការសុំជំនួយពីសមត្ថកិច្ច និងត្រៀមចាំអន្តរាគមន៍គ្រប់ពេលវេលា។ រាល់បណ្តឹងដែលទទួលបានត្រូវកត់ចូលសៀវភៅប្រចាំថ្ងៃ ពិនិត្យ និងរាយការណ៍បញ្ជូន ទៅតាមជំនាញ ដើម្បីជំនាញយកចាត់ចែង និងអនុវត្តតាមនីតិវិធី។

២. ត្រូវរៀបចំបែងចែកវេនធ្វើសកម្មភាពចេញល្បាតពួនស្ទាក់ បង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសជាក់ស្តែង ដែលកើតឡើងនៅក្នុងភូមិសាស្ត្រដែលបានកំណត់ជាក់លាក់ (ប៉ុស្តិ៍ ប្រចាំការអចិន្ត្រៃយ៍លេខ១ លេខ២ និងលេខ៣)។

៣. រាយការណ៍ទៅមន្ត្រីជំនាញ និងចេញអន្តរាគមន៍ជួយការពារកន្លែងកើតហេតុក្នុងករណី មានគ្រោះផ្សេងៗកើតឡើងជាយថាហេតុ (ដូចជាគ្រោះថ្នាក់ចរាចរណ៍ ករណីអគ្គិភ័យ អំពើហិង្សា ។ល។) ដែលកើតមាននៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ និងការពារថែរក្សា វត្ថុតាងនៅកន្លែងកើតហេតុ សង្គ្រោះជនរងគ្រោះមុននឹងមន្ត្រីជំនាញទៅដល់កន្លែងកើតហេតុ។

៤. សហការស្ទាក់ចាប់មុខសញ្ញា និងមធ្យោបាយដែលបង្ក ហើយបានបើកបររត់គេចចេញពីកន្លែងកើតហេតុ (ក្នុងករណីមានសេចក្តីរាយការណ៍ សុំកិច្ចអន្តរាគមន៍)។

៥. ត្រូវយកចិត្តទុកដាក់ សហការគ្រប់គ្រងឱ្យបានហ្មត់ចត់នូវមុខសញ្ញាប្រព្រឹត្តបទល្មើស ព្រហ្មទណ្ឌសកម្មភាពក្មេងទំនើង អំពើហិង្សា ការជួញដូរប្រើប្រាស់គ្រឿងញៀន ប្រើប្រាស់អាវុធខុសច្បាប់ រួមទាំងបទល្មើសផ្សេងៗទៀត ដោយប្រើប្រាស់វិធានការជំនាញ។

៦. ប្រធានវេននីមួយៗ ត្រូវពិនិត្យគ្រប់គ្រងវត្តមានកងកម្លាំង សៀវភៅកំណត់ហេតុ វិទ្យុទាក់ទង និងមានការឆ្លើយតបទាន់ពេលវេលា ប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ រាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីសុំគោលការណ៍អនុវត្តបន្ត។

៧. វេននីមួយៗត្រូវធ្វើអនាម័យបោសសម្អាតបរិវេណខាងក្នុង និងខាងក្រៅអគារជាប់ជាប្រចាំ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print