ខេត្តបាត់ដំបង៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ខេត្តបាត់ដំបង គឺជាខេត្តដ៏មានសក្ដានុពល ដែលបាននិងកំពុងដើរតួនាទីយ៉ាងចម្បងក្នុងប៉ូលសេដ្ឋកិច្ចទី៤ របស់ព្រះរាជាណាចក្រកម្ពុជាយើង។
ក្នុងនោះវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនចំណូលសម្រាប់ខេត្តផងដែរ។ ជាក់ស្ដែងរយៈពេល ៩ខែ ឆ្នាំ២០២៥នេះ ចំណូលពីពន្ធប្រថាប់ត្រាផ្ទេរអចលនវត្ថុ និងអង្គភាពច្រកចេញចូលតែមួយខេត្ត ទទួលបានសរុបប្រមាណ ១.៦លានដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា ខេត្តបាត់ដំបង បានបញ្ចប់រួចរាល់ស្ថាពរនូវយុទ្ធនាការវាស់វែងដីធ្លីបង្ហើយ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ហើយគិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ វឌ្ឍនភាពនៃការចុះដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រេចបានលទ្ធផលដូចខាងក្រោម៖
– វាស់វែងបានចំនួន ៧៥០ ៧៣០ក្បាលដី
– បានបិទផ្សាយចប់ បានចំនួន ៥០៤ភូមិ ស្មើនឹង ៥១៣ ១៥១ក្បាលដី
– ចេញបណ្ណរួចបានចំនួន ៤៨៩ភូមិ ស្មើនឹង ៤៤៨ ៣៧៣ក្បាលដី
– ចែកបណ្ណរួចបានចំនួន ៤៤៥ ៤៧៨បណ្ណ
បន្ទាប់ពីបញ្ចប់ការងារវាស់វែងដីធ្លី មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបាត់ដំបង បានបន្តជំរុញការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងការផ្ដល់សេវាសាធារណៈគាប់ចិត្តជូនប្រជាពលរដ្ឋ៕