ខេត្តមណ្ឌលគិរី៖ ដោយសង្កេតឃើញពីសន្ទុះនៃការកុម្មង់កាហ្វេរ៉ូប៊ូស្តាខេត្តមណ្ឌលគិរី ពីអតិថិជនដែលមានស្រាប់ និងស្របពេលដែលប្រជាពលរដ្ឋខ្មែរនៅពេលបច្ចុប្បន្ននេះពហិការឈប់ប្រើទំនិញថៃផងនោះ ធ្វើឱ្យកាហ្វេមណ្ឌលគិរីមានការគាំទ្រកើនឡើងលើសជាងមុនជាបន្តបន្ទាប់។
លោក ណុន ឌីម៉ា អាយុ៣៥ឆ្នាំ ដែលជាម្ចាស់ក្រុមហ៊ុនកែច្នៃកាហ្វេក្នុងខេត្តមណ្ឌលគិរី បានឱ្យដឹងថា គ្រាប់កាហ្វេរ៉ូប៊ូស្តាខេត្តមណ្ឌលគីរីកែច្នៃដោយក្រុមហ៊ុនក្នុងស្រុក ទទួលបាននូវការវាយតម្លៃថាជាកាហ្វេរ៉ូប៊ូស្តាប្រណីត (Fine Robusta) ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត ពីវិទ្យាស្ថានវាយតម្លៃគុណភាពកាហ្វេអន្តរជាតិ CQI(Coffee Quality Institute) ដែលជាស្ថាប័នវាយតម្លៃគុណភាពកាហ្វេពិភពលោក។
លោក ណុន ឌីម៉ា បានបន្តថា ដោយឃើញសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុកកាន់តែខ្លាំង ក្នុងនាមក្រុមហ៊ុនកែច្នៃកាហ្វេបានលើកទឹកចិត្តនិងជំរុញដល់កសិករដែលប្រកបរបរកសិកម្មដាំដំណាំកាហ្វេទាំងអស់នៅខេត្តមណ្ឌលគិរី ដែលជាដំណាំកសិឧស្សាហកម្ម បង្កើនការដាំដុះ ឬពង្រីកផ្ទៃដីបន្ថែមទៀត។ លោកអះអាងថា៖ «ពីព្រោះគ្រាប់កាហ្វេមណ្ឌលគិរីកំពុងមានតម្រូវការទីផ្សារខ្ពស់និងចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនបច្ចុប្បន្ន។
ជាមួយគ្នានេះ លោកក៏អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរបន្តជួយគាំទ្រផលិតផលក្នុងស្រុកបន្ថែមទៀត និងកាត់បន្ថយទំនិញនាំចូល ជាពិសេសទំនិញប្រភពពីប្រទេសថៃ ហើយងាកមកគាំទ្រផលិតផលដោយស្នាដៃកូនខ្មែរ ដែលជាផ្នែកមួយជួយបង្កើតការងារដល់ប្រជាពលរដ្ឋនៅក្នុងស្រុក ក៏ដូចជាលើកស្ទួយសេដ្ឋកិច្ចជាតិ។
សូមជម្រាបថា កាហ្វេអឹមខេមណ្ឌលគិរី ជាក្រុមហ៊ុនកែច្នៃកាហ្វេខ្នាតមធ្យមមួយ ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ២០១១មកម្ល៉េះ ពោលគឺមានអាយុ១៥ឆ្នាំកន្លងមកហើយ ដែលមានអាសយដ្ឋានស្ថិតនៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ លើសពីនេះ ក្រុមហ៊ុនរបស់លោកទទួលទិញតែកសិផលពីកសិករនៅក្នុងតំបន់នេះតែប៉ុណ្ណោះ ដែលបានផលិតសម្រេចចែកចាយលើទីផ្សាផងដែរ។
បន្ថែមពីនេះ លោកថា គ្រាប់កាហ្វេដែលបានកែច្នៃផលិតនៅក្នុងក្រុមហ៊ុននេះ មានច្រើនជម្រើសតាមតម្រូវការអតិថិជនដូចជា កាហ្វេម្សៅឆុងស្រាប់ កាហ្វេលាយស្រាប់បែប៣+១ និងកាហ្វេគ្រាប់ ដែលអតិថិជនយកទៅកិនឆុងបែបម៉ាស៊ីន ផងដែរ៕ដោយ៖តារា