ភ្នំពេញ ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសហុងគ្រី និងចូលរួមកិច្ចប្រជុំវេទិកាសន្តិភាពប៉ារីសលើកទី៨ នៅប្រទេសបារាំង នាចុងសប្តាហ៍នេះ។
ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ ពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសហុងគ្រី ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រី ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ សកម្ម និងគ្រប់ជ្រុងជ្រោយឡើង។
អំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនេះ សម្តេចរដ្ឋសភាធិបតី គ្រោងចូលជួបសម្តែងការគួរសម និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសហុងគ្រី។ ជាពិសេសសម្តេចនឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក ឡាស្លូ កូវឺរ ប្រធានរដ្ឋសភា ប្រទេសហុងគ្រី។ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងរដ្ឋសភាប្រទេសទាំងពីរ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយឡើង។
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី គ្រោងជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយសិស្សនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសហុងគ្រី និងអញ្ជើញទស្សនកិច្ចនៅតាមតំបន់ឧស្សាហកម្ម ទេសចរណ៍ និងវប្បធម៌របស់ប្រទេសហុងគ្រី មួយចំនួនទៀត ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទំាងពីរឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជាការជំរុញទំនាក់ទំនងវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ ទៅវិញទៅមកបន្ថែមទៀត ។
ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី៨ (8th Edition of the Paris Peace Forum) នៅទីក្រុងប៉ារីស សាធារណរដ្ឋបារំាង ដែលប្រារព្ធឡើងនៅថ្ងៃទី២៩ និងទី៣០ ខែតុលា ឆ្នាំ២០២៥ បន្តទៀត។
នៅក្នុងវេទិកាអន្តរជាតិនេះ សម្តេចរដ្ឋសភាធិបតី នឹងអញ្ជើញថ្លែងសុន្ទរកថា ចំនួនបីលើកដាច់ដោយឡែកពីគ្នា មាន៖
១) នៅក្នុងកិច្ចប្រជុំពេញអង្គ ក្រោមមូលបទ «សម្ព័ន្ធភាពថ្មី ដើម្បីសន្តិភាព មនុស្ស និងភពផែនដី» ។
២) កិច្ចពិភាក្សាតុមូល ស្តីពី «ចំពោះមុខការបែកបាក់៖ អធិបតេយ្យភាពក្នុងសណ្តាប់ធ្នាប់ពិភពលោកដែលមានការបែកខ្ញែក » ។
និងទី ៣) កិច្ចពិភាក្សា «ការបែកបាក់ និងការប្រឈមមុខដាក់គ្នា៖ ការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយនៅអាស៊ី»។
ក្រៅពីនេះសម្តេចរដ្ឋសភាធិបតី គ្រោងជួបជាមួយថ្នាក់ដឹកនាំគណៈប្រតិភូបណ្តាប្រទេសផ្សេងៗ និងដៃគូអភិវឌ្ឍន៍នានា រួមទំាងលោកស្រី យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំងផង ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីទាំងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដែលជាបុរេសកម្មនៃវិស័យការទូតកម្ពុជាក្នុងការស្វែងរកផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ៕
ដោយ ៖ សិលា