មីយ៉ាន់ម៉ា៖ យោងតាមកាសែតថៃ THE NATION បានរាយការណ៍ថា ទាហានមីយ៉ាន់ម៉ាបានឆ្មក់ចូលបង្រ្កាបមូលដ្ឋានក្រុមបោកប្រាស់អនឡាញដែលនៅ KK Park នៅជិតព្រំដែនថៃ ដោយឃាត់ខ្លួនមនុស្សជាង ២០០០ នាក់ និងរឹបអូសបានប្រព័ន្ធសេវាអ៊ីនធឺណេត ៣០ គ្រឿង Starlink ដែលជារបស់មហាសេដ្ឋីអាម៉េរិក Elon Musk ។
កាសែតថៃ THE NATION បាននិយាយថា កងទ័ពមីយ៉ាន់ម៉ាបានវាយឆ្មក់មូលដ្ឋានបោកប្រាស់មជ្ឈមណ្ឌលអនឡាញដែលគេស្គាល់ឈ្មោះថា “KK Park” ដែលមានទីតាំងនៅទូទាំងស្រុក ម៉ែសត ក្នុងខេត្ត តាក របស់ប្រទេសថៃ ដោយបានចាប់ខ្លួនមនុស្សចំនួន ២,១៩៨ នាក់ រួមទាំងបុគ្គលិក និងសន្តិសុខ ព្រមទាំងរឹបអូសបានឧបករណ៍អ៊ីនធឺណេតផ្កាយរណប Starlink ចំនួន ៣០ គ្រឿង ។
តាមប្រភពដដែលទាហានមីយ៉ាន់ម៉ាបានបើកប្រតិបត្តិការប្រឆាំងនឹងបណ្តាញឆបោករបស់ចិនដែលប្រតិបត្តិការនៅខាងក្នុងតំបន់ “KK Park” ទល់មុខ Ban Mae Ku Mai Tha Sung ក្នុងឃុំ Mae Ku ស្រុក ម៉ែសត ខេត្ត តាក ។ ក្នុងអំឡុងពេលប្រតិបត្តិការនេះមានបុគ្គលចំនួន ២,១៩៨ នាក់ត្រូវបានឃាត់ខ្លួន ក្នុងនោះមានបុរស ៦៤៥ នាក់ ស្ត្រី ៤៥៥ នាក់ និងសន្តិសុខចំនួន ៩៨ នាក់ រួមជាមួយនឹងឧបករណ៍អ៊ីនធឺណេត Starlink ចំនួន ៣០ គ្រឿង៕
ដោយ៖តារា










