ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថ្លែងថា រហូតដល់ពេលនេះ សម្តេចនៅតែបន្តការពារទាំងអស់លើសុវត្ថិភាព រាជវង្សសានុវង្ស និងការគង់វង្សនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំព្រឹទ្ធសភា នីតិកាលទី៥ សម័យប្រជុំលើកទី៤ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់មក សម្តេចឪ ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង ដែលខ្ញុំជាភ្ញៀវរបស់ព្រះករុណា ហើយពេលនោះ បានក្លាយជាឪពុកធម៌ ម្តាយធម៌ ព្រះអង្គថា នេះជាកូន ហើយជាកូនពិសេសទៀត ហ្លួងម៉ែក៏នៅចាំ។ អីចឹងបានជាមានរឿងឪកូនរហូតមក ហើយនេះខ្ញុំត្រូវទទួលខុសត្រូវរហូតមកដល់ពេលនេះ ទៅលើសុវត្ថិភាពទាំងអស់នៃរាជវង្សសានុវង្ស និងការគង់វង្សនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកអំពីព្រះរាជបន្ទូលរបស់សម្តេចឪ ដែលស្នើឱ្យសម្តេចការពារសុវត្ថិភាពរបស់ព្រះអង្គ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានរំលឹកអំពីការបដិសេធរបស់សម្តេចចំពោះការស្នើសុំរបស់ថៃ ក្នុងការចូលការពារព្រះរាជសុវត្ថិភាពរបស់ សម្តេចឪ ដែលប្រៀបដូចជាបញ្ហាមួយថា «ខាងកើតចេញខាងលិចចូល»។ បើតាមប្រសាសន៍សម្តេចតេជោ គឺសម្តេចឪ បានប្រាប់សម្តេចពីករណីថៃ ស្នើសុំការពារទ្រង់នៅរាជវាំងកម្ពុជា ប៉ុន្តែសម្តេចតេជោថា ឱ្យថៃការពារ ច្បាស់ជាប៉ះពាល់ដល់នយោបាយ ហេតុនេះហើយ បានជាសម្តេចតេជោ ស្នើកុំឱ្យមានអង្គរក្សទាំងខាងកូរ៉េខាងជើង និងថៃ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សម្តេច គឺជាអ្នកទៅប៉េកាំងដោយផ្ទាល់ ដើម្បីដង្ហែសម្តេចឪ និងសម្តេចម៉ែ ព្រមទាំងសែរាជវង្សដទៃទៀត ចូលមកប្រទេសកម្ពុជា៕
ដោយ៖តារា










