ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា កម្ពុជារកចំណូលបានជាង ២៨ លានដុល្លារ ពីការនាំចេញម្រេច នៅក្នុងរយៈពេល ៩ ខែ (មករា-សីហា) ឆ្នាំ ២០២៥ ធ្លាក់ចុះ ១១,៧៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដែលមានទំហំទឹកប្រាក់ប្រមាណ ៣១,៣៨ លានដុល្លារ។
បើតាមប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) លោក ម៉ាក់ នី បានឱ្យដឹងថា តម្លៃម្រេចធម្មតានៅកម្ពុជានៅតែមានភាពល្អប្រសើរដល់ចន្លោះពី ២៥០០០-២៦៥០០ រៀល ក្នុងមួយគីឡូក្រាម ដែលមានភាពល្អប្រសើរជាងឆ្នាំមុន ដោយសារមានការបញ្ជាទិញ ខណៈស្ដុកម្រេចនៅលើពិភពលោកប្រឈមនឹងការធ្លាក់ចុះ។
យោងតាមសមាគមសហព័ន្ធម្រេច នៅក្នុងឆ្នាំ ២០២៤ ផលិតកម្មម្រេចនៅកម្ពុជាសម្រេចបានប្រមាណ ៩ ពាន់តោន ធ្លាក់ចុះពី ៤០-៥០ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ប៉ុន្តែតម្លៃម្រេចបានកើនឡើងទ្វេដងដែលមានតម្លៃ ២ ម៉ឺន ៤ ពាន់រៀលក្នុងមួយគីឡូក្រាម។
ក្នុងមួយឆ្នាំកម្ពុជាប្រមូលផលម្រេចបានក្នុងរង្វង់ ១,៧ ម៉ឺនតោន ទៅ ២ ម៉ឺនតោនលើផ្ទៃដីជាង ៦ ពាន់ហិកតា ខណៈទីផ្សារម្រេចកម្ពុជាត្រូវបាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៨០ ភាគរយ និងប្រទេសបន្ទាប់បន្សំដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមនអឺរ៉ុប។
នៅឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ៣៤ លានដុល្លារ ពីការនាំចេញម្រេច កើនឡើងជិត ១៥០% បើធៀបនឹងឆ្នាំ ២០២៣៕
ដោយ៖តារា










