ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំព្រឹទ្ធសភា នីតិកាលទី៥ សម័យប្រជុំលើកទី៤ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងរំលឹកថា មានតែសម្តេច សឺន សាន និងបក្ខពួកប៉ុណ្ណោះ ដែលមិនទទួលបានការផ្តល់ផ្ទះសម្បែង ក្រោយពីត្រឡប់មកពីចូលរួមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលជាកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមនៃជម្លោះកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
សម្តេចតេជោ ថ្លែងរំលឹកថា សម្តេចបវរសេដ្ឋា សឺន សាន បានជេរសម្តេចនៅមុខសម្តេចឪ ដែលលើកឡើងថា «ផ្ទះខ្ញុំ ២កន្លែងត្រូវពួកអាយ៉ងយកអស់ហើយ» ដែលសម្តីនេះធ្វើឲ្យសម្តេចត្រូវឆ្លើយតបទៅវិញថា សម្តេចមិនមែនជាអ្នកដេញប្រជាជនចេញនោះទេ គឺពួកខ្មែរក្រហម ដែលបានបណ្តេញប្រជាជនចេញ ហើយផ្ទះជាច្រើនពេលក្រោយមកត្រូវបានលក់ ២-៣តង់ទៅហើយ ដែលសម្តេចមិនមែនជាអ្នកទទួលខុសត្រូវចំពោះការបណ្តេញប្រជាជននោះទេ។
ដោយសារតែសម្តេចបវរសេដ្ឋា សឺន សាន បានជេរសម្តេចនៅមុខសម្តេចឪ, សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូចនេះថា «ក្នុងចំណោមបងប្អូនមកពីខាងក្រៅមានតែលោក សឺន សាន និងក្រុមរបស់គាត់ប៉ុន្មាននាក់ប៉ុណ្ណោះ ដែលខ្ញុំមិនឱ្យផ្ទះ ក្រោយមកបានសរសេរសំបុត្រសុំទៅលួងម៉ែ ទាមទារផ្ទះបង ជា ស៊ីម (សម្តេចជា ស៊ីម) បន្ថែមទៀត តែខ្ញុំអត់ឱ្យតែម្តង ប៉ុន្តែដូច អៀង ម៉ាលី គឺឱ្យ ព្រោះផ្ទះបានរៀបចំឱ្យតែទាំងអស់គ្នាហ្នឹង»។
ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីការរៀបចំផ្ទះថ្មីមួយសម្រាប់លោក ខៀវ សំផន តែត្រូវលោក ខៀវ សំផន មិនទទួលយក គ្រានោះសម្តេច សឺន សាន ក៏បានស្នើសុំផ្ទះដែលសម្តេចចង់ឱ្យទៅលោក ខៀវ សំផន នោះទៀត ប៉ុន្តែត្រូវសម្តេចបដិសេធម្តងទៀត៕
ដោយ៖តារា










