ខេត្តកំពង់ស្ពឺ៖ យុវជន០២នាក់បានលង់ទឹកស្លាប់ ខណៈដែលជនរងគ្រោះទាំង២នាក់នាំគ្នាទៅងូតទឹកអូរលេង ហើយឃើញមិត្តភក្តិម្នាក់លង់ទឹក ក៏ហក់ទៅជួយ តែត្រូវមិត្តភក្តិដែលលង់ទឹកនោះឱបជាប់ហែលមិនរួចក៏លង់ស្លាប់ទាំង២នាក់តែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះពិនិត្យ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៣និង១៥នាទីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នៅចំណុចអូរខាងជើងក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្គើស្ថិតនៅក្នុងភូមិអូអង្គុំ ឃុំអមលាំង ស្រុកថ្ពងខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកថ្ពងបានឱ្យដឹងថា ជនរងគ្រោះដែលលង់ទឹកអូរស្លាប់ទាំង២នាក់ខាងលើ ម្នាក់ ឈ្មោះសាត សុបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង និងម្នាក់ទៀតឈ្មោះផន សុភក្រ័ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិអូអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកថ្ពង ឱ្យដឹងបន្តថា បើតាមកាបំភ្លីរបស់ឈ្មោះ ចន្ថា រតនៈ ភេទប្រុស អាយុ១៥ ឆ្នាំ ត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះបានរៀបរាប់ថា អ្នកទាំង០២នាក់បានជិះម៉ូតូ០១គ្រឿង បានទៅលេងទឹកអូរក្នុងចំការអំពៅខាងជើងរោងចក្រក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្គើ។ ពេលនោះជនរងគ្រោះឈ្មោះ សុង បញ្ញា ភេទប្រុសអាយុ១៧ឆ្នាំ បានលេងទឹកប្រឡែងគ្នាលេងជាមួយជនរងគ្រោះឈ្មោះ ផន សុភ័ក្រ ភេទប្រុស អាយុ១៥ឆ្នាំ ពេលកំពុងលេងឈ្មោះ ផន សុភ័ក្រ ក៏បានធ្លាក់ចូលក្នុងអូរលង់ទឹក ឃើញដូចនោះឈ្មោះ សាត សុបញ្ញា បានចុះជួយរួចមកឈ្មោះផន សុភក្រ័ ក៏បានចាប់ឱបហែលទឹកជួយមិនរួច ក៏បានលង់ទឹកស្លាប់ទាំង២នាក់តែម្តង។
ពេលឃើញដូចនោះឈ្មោះ ចន្ថា រតនៈ ក៏បានជិះម៉ូតូមកប្រាប់ឈ្មោះ តុល ហើយហួសមករាយការណ៍សមត្ថកិច្ចនគរបាលករណីលង់ទឹកនៅក្នុងអូរនៅខាងជើងរោងចក្រ រួចហើយសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងបានចុះរាវរកឃើញសព ពិនិត្យធ្វើកោសលវិច្ច័យ្យ ពិតជាបានលង់ទឹកស្លាប់ពិតប្រាកដ មែន។
ក្រោយពិនិត្យរួចរាល់ នគរបាលបានប្រគល់សពយុវជនទាំង០២នាក់ខាងលើជូនសាច់ញាតិ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕










