ទីក្រុងវ៉ាស៊ីងតោន ឌីស៊ី៖ កាលពីព្រឹកថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) ដែលជាថ្ងៃចុងក្រោយនៃបេសកកម្មទាក់ទាញ និងជំរុញវិនិយោគក្នុងទឹកដីនៃសហរដ្ឋអាម៉េរិក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, លោកឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក និងម៉ិកស៊ីកូ និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Hallie Offen ប្រធានផ្នែកកិច្ចការងារជាមួយរដ្ឋាភិបាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងពាណិជ្ជកម្មអន្តរជាតិ របស់ក្រុមហ៊ុន Motorola Inc. ដែលជាក្រុមហ៊ុនមានឥទ្ធិពល និងចាស់វស្សាមួយក្នុងប្រវត្តិសាស្ត្រ នៃវិស័យបច្ចេកវិទ្យា និងគមនាគមន៍នៅក្នុងពិភពលោក។
គោលបំណងនៃជំនួបនាឱកាសនេះ គឺដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍបច្ចេកវិទ្យាទំនាក់ទំនង សន្តិសុខសាធារណៈ និងការទាក់ទាញរោងចក្រផលិតគ្រឿងបង្គុំអេឡិចត្រូនិចមកកាន់កម្ពុជា។ កិច្ចពិភាក្សាបានប្រព្រឹត្តទៅយ៉ាងផុសផុល ដោយផ្តោតលើចំណុចគន្លឹះទាំងផ្នែកវិនិយោគ និងផ្នែកបច្ចេកទេស ក្នុងនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីលក្ខខណ្ឌអំណោយផល និងការលើកទឹកចិត្តពន្ធដារខ្ពស់ ក្រោមច្បាប់វិនិយោគថ្មី សម្រាប់ក្រុមហ៊ុនដែលវិនិយោគលើការផលិតគ្រឿងបង្គុំទូរគមនាគមន៍ ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរទៅកាន់ក្រុមហ៊ុន Motorola ក្នុងការពិនិត្យលទ្ធភាព សិក្សាពីឱកាសបង្កើតរោងចក្រនៅក្នុងប្រទេសកម្ពុជា ដែលវានឹងចូលរួមជួយពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់សកលរបស់ក្រុមហ៊ុន ក៏ដូចជាបង្កើតការងារជំនាញបន្ថែមនៅកម្ពុជាផងដែរ។
ជាការឆ្លើយតប លោកប្រធាន បានបង្ហាញនូវការចាប់អារម្មណ៍ជាវិជ្ជមានចំពោះបរិយាកាសវិនិយោគថ្មីរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនង។ ក្រុមហ៊ុន ក៏បានបង្ហាញចេតនាក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីវាយតម្លៃលទ្ធភាពក្នុងការពង្រីកវត្តមានអាជីវកម្មនៅកម្ពុជា ទាំងការវិនិយោគដោយផ្ទាល់ និងតាមរយៈការផ្តល់ដំណោះស្រាយបច្ចេកវិទ្យាសម្រាប់រដ្ឋាភិបាល និងវិស័យឯកជន។ ជំនួបនេះ ត្រូវបានចាត់ទុកជាការបោះជំហានថ្មីមួយ ក្នុងការទាក់ទាញវិនិយោគលើវិស័យបច្ចេកវិទ្យាទំនាក់ទំនងដ៏សំខាន់ ដែលជាមូលដ្ឋានគ្រឹះក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់កម្ពុជា៕ដោយ៖តារា










