ឧបនាយករដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​៖​ សំណូមពរក្រុមហ៊ុនមាន​ឥទ្ធិពល និងចាស់វស្សា​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ នៃវិស័យបច្ចេកវិទ្យា និង​គមនាគមន៍នៅក្នុង​ពិភពលោក​ ក្នុងការពិនិត្យ​លទ្ធភាព​ សិក្សាពីឱកាស​បង្កើត​រោងចក្រនៅក្នុងប្រទេសកម្ពុជា ​

ចែករំលែក៖

ទីក្រុង​វ៉ាស៊ីងតោន ឌីស៊ី៖ កាលពីព្រឹកថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) ដែលជាថ្ងៃចុងក្រោយនៃបេសកកម្មទាក់ទាញ និងជំរុញវិនិយោគក្នុងទឹកដីនៃសហរដ្ឋអាម៉េរិក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, លោកឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក និងម៉ិកស៊ីកូ និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Hallie Offen ប្រធានផ្នែកកិច្ចការងារជាមួយរដ្ឋាភិបាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងពាណិជ្ជកម្មអន្តរជាតិ របស់ក្រុមហ៊ុន Motorola Inc. ដែលជាក្រុមហ៊ុនមាន​ឥទ្ធិពល និងចាស់វស្សា​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ នៃវិស័យបច្ចេកវិទ្យា និង​គមនាគមន៍នៅក្នុង​ពិភពលោក។

គោលបំណង​នៃ​ជំនួប​នាឱកាសនេះ ​គឺដើម្បី​ស្វែងរក​កិច្ចសហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ទំនាក់ទំនង សន្តិសុខ​សាធារណៈ និង​ការ​ទាក់ទាញ​រោងចក្រ​ផលិត​គ្រឿង​បង្គុំ​អេឡិចត្រូនិច​មកកាន់​កម្ពុជា។ កិច្ចពិភាក្សា​បាន​ប្រព្រឹត្តទៅ​យ៉ាង​ផុសផុល ដោយ​ផ្តោតលើ​ចំណុច​គន្លឹះ​ទាំង​ផ្នែក​វិនិយោគ និង​ផ្នែក​បច្ចេកទេស ក្នុងនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បាន​បង្ហាញ​អំពី​លក្ខខណ្ឌ​អំណោយផល និងការលើកទឹកចិត្ត​ពន្ធដារ​ខ្ពស់ ក្រោម​ច្បាប់​វិនិយោគ​ថ្មី​ សម្រាប់​ក្រុមហ៊ុន​ដែល​វិនិយោគ​លើ​ការ​ផលិត​គ្រឿង​បង្គុំ​ទូរគមនាគមន៍ ឬ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏​បានសំណូមពរទៅកាន់ក្រុមហ៊ុន Motorola ក្នុងការពិនិត្យ​លទ្ធភាព​ សិក្សាពីឱកាស​បង្កើត​រោងចក្រនៅក្នុងប្រទេសកម្ពុជា ​ដែលវា​នឹងចូលរួម​ជួយ​ពង្រឹង​ខ្សែច្រវាក់ផ្គត់ផ្គង់​សកល​របស់​ក្រុមហ៊ុន ក៏ដូចជា​បង្កើត​ការងារ​ជំនាញបន្ថែម​នៅ​កម្ពុជាផងដែរ។

ជាការឆ្លើយតប លោកប្រធាន បាន​បង្ហាញ​នូវ​ការ​ចាប់អារម្មណ៍​ជា​វិជ្ជមាន​ចំពោះ​បរិយាកាស​វិនិយោគ​ថ្មី​របស់​កម្ពុជា និង​ការ​ប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល ​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ទំនាក់ទំនង។ ក្រុមហ៊ុន​ ក៏បានបង្ហាញចេតនាក្នុងការ​​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បី​វាយតម្លៃ​លទ្ធភាព​ក្នុង​ការ​ពង្រីក​វត្តមាន​អាជីវកម្ម​នៅ​កម្ពុជា ទាំង​ការ​វិនិយោគ​ដោយផ្ទាល់ និង​តាមរយៈ​ការ​ផ្តល់​ដំណោះស្រាយ​បច្ចេកវិទ្យា​សម្រាប់​រដ្ឋាភិបាល និង​វិស័យ​ឯកជន។ ជំនួប​នេះ​ ត្រូវបានចាត់ទុក​ជាការបោះជំហាន​ថ្មី​មួយ​ ក្នុង​ការ​ទាក់ទាញ​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​ទំនាក់ទំនង​ដ៏​សំខាន់ ដែល​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការ​ជំរុញ​ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម​ឌីជីថល​របស់​កម្ពុជា៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print