រដ្ឋមន្ត្រីការពារជាតិកម្ពុជា ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះដើម្បីធ្វើការរាយការណ៍ អំពីហេតុការណ៍ដែលយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដោយគ្មានមូលហេតុ នៅក្នុងភូមិព្រៃចាន់

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង ១២:១២នាទីថ្ងៃត្រង់នេះ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញមកដល់មណ្ឌលជនភៀសសឹករបស់អ្នកភូមិព្រៃចាន់ ដែលបានភៀសខ្លួនមករកកន្លែងជម្រកសុវត្ថិភាព នៅក្នុងវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរសុខទុក្ខ និងពិនិត្យស្ថានភាពជាក់ស្តែង ការស្នាក់នៅរបស់ប្រជាពលរដ្ឋភៀសសឹក បន្ទាប់ពីហេតុការណ៍យោធាថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុកាលពីម្សិលមិញ។

សូមជម្រាបផងដែរថា នៅព្រឹកមិញនេះក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏បានចុះទៅដល់មន្ទីរពេទ្យកម្ពុជា-ជប៉ុនមង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យប្រជាជនស៊ីវិលកម្ពុជាដែលត្រូវបានរងរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃ និងបានចុះទៅពិនិត្យ សង្កេតការណ៍ ផ្ទៀងផ្ទាត់ នៅទីតាំងកើតហេតុដោយផ្ទាល់ ដើម្បីធ្វើការរាយការណ៍ អំពីហេតុការណ៍ដែលយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដោយគ្មានមូលហេតុ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យជាពលរដ្ឋស៊ីវិលកម្ពុជារងរបួសធ្ងន់ ស្រាលចំនួន ០៣រូប និងបាត់បង់ជីវិតនៅនឹងកន្លែងចំនួន ០១រូប។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print