ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើឱ្យប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា
ឡើងថ្មី ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជូនពលរដ្ឋ ខណៈ លោក រឿន រិទ្ធីពង្ស ត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ជំនួស លោកស្រី មុំ ចាន់ដានី ដែលបានទទួលភារកិច្ចថ្មី និងប្រកាសតែងតាំងលោក រ័ត្ន សុវិបូរ ជាប្រធានសាលាមូលនិធិជាតិជំនួយសង្គមរាជធានីភ្នំពេញ វិញ ។
ពិធីប្រកាសតែងតាំងនេះបានធ្វើឡើង នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធីបតីភាព លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងល្អប្រសើររបស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញកន្លងមក ពិតជាបានជួយដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះនៅក្នុងរាជធានីភ្នំពេញយ៉ាងល្អប្រសើរពិតប្រាកដ ។ មន្ទីរសង្គមកិច្ចបានដើរតួយ៉ាងសំខាន់ក្នុងកិច្ចការងារជួយសង្គម ទៅតាមការចង្អុលណែនាំរបស់ រាជរដ្ឋា ភិបាល ដោយមិនបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់ឡើយ។ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងយកចិត្តទុកដាក់គាំទ្រកម្មវិធីចំនួន៤ ក្នុងនោះរួមមាន ១-កម្មវិធីផ្ដល់សាច់ប្រាក់ជូនជនក្រីក្រ ២ កម្មវិធីផ្ដល់អាហាររូបត្ថម្ភដល់ជនក្រីក្រ ៣ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ជនពិការភាពនិងទី៤កម្មវិធីឧបត្ថម្ភដល់ចាស់ជរា ដោយចាប់ខែមេសាឆ្នាំ ២០២៤ដល់ឆ្នាំ២០២៥គ្រួសារ ដែលទទួលបានកម្មវិធីទាំង៤ខាងលើនេះ មានចំនួនជាង២ម៉ឺនគ្រួសារស្មើ នឹងទឹកប្រាក់ប្រមាណ ១១២៧០លានរៀល។រដ្ឋបាលរាជធានីបានរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ តាមរយៈការបង្ក្រាបទល្មើសគ្រប់ប្រភេទ ដូចជាក្មេងទំនើង លួចឆក់ ប្លន់ និងបង្ក្រាបបទល្មើស (ONLINE SCAM)តាមប្រព័ន្ធអនឡាញជាដើម។
លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន បញ្ជាក់ថា ការប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរសង្គមកិច្ចខាងលើនេះ គឺដើម្បីបានរួមចំណែកជួយដល់ ការងារសង្គមពិសេសគឺជួយដល់ប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅក្នុងរាជធានីភ្នំពេញ។ សូមអរគុណ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលកន្លងមកតែងបានគាំទ្រ សហការនិងជួយអន្តរាគមន៍ កិច្ចការងារនានាដល់ក្រសួង។ លោកក៏បានណែនាំទៅដល់ប្រធានមន្ទីរសង្គមកិច្ចដែលត្រូវបានតែងតាំងថ្មីនេះសូមរក្សាសាមគ្គីភាពផ្ទៃក្នុងឳ្យបានល្អ ដោយ សហការជាមួយអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីឲ្យកិច្ចការងាររបស់មន្ទីរកាន់តែល្អប្រសើរថែមទៀត។ ជាមួយគ្នានេះដែរ ក្នុងនាមជាប្រធានមន្ទីរត្រូវលើកទឹកចិត្តដល់កូនចៅក្រោមឱវាទ ដើម្បីឲ្យពួកគាត់ចូលរួមបំពេញការងារជូនមន្ទីរឱ្យកាន់តែល្អប្រសើរថែមទៀត។
លោក រឿន រិទ្ធីពង្ស បានប្តេជ្ញាចិត្ត ដើម្បីឆ្លើយ តបទៅនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាលក៏ដូចជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ខ្ញុំនឹងខិតខំបំពេញការងារ ជូនមន្ទីរឱ្យបានម៉ឹងម៉ាត់បំផុត ដោយសហការល្អជាមួយអាជ្ញាធរ មានសាមគ្គី ភាពផ្ទៃ ដើម្បីរួមគ្នាបំរើឧត្ថមប្រយោជន៍ប្រជាពលរដ្ឋនៅរាជធានីភ្នំ ពេញឱ្យកាន់តែល្អប្រសើរថែមទៀត៕
ដោយ៖ សំរិត










