ទីក្រុងអ៊ីស្លាមម៉ាបាដ សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ៖ សន្និសីទប្រធានសភានៃអន្តរសភា ដែលមានសមាជិកជាង៤៥ប្រទេសបានអំពាវនាវកម្ពុជា-ថៃគោរពយ៉ាងម៉ឺងម៉ាត់ និងអនុវត្តពេញលេញនូវគោលការណ៍ដែលបានឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួម ដើម្បីបន្ធូរបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងសន្តិភាពតាមព្រំដែន ដោះស្រាយភាពខុសគ្នាដោយសន្តិភាព ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាពព្រមទាំងសហការគ្នាក្នុងការស្តារទំនាក់ទំនងការទូត និងផលប្រយោជន៍ទៅវិញទៅមក ដើម្បីនាំសន្តិភាព និងសន្តិសុខពេញលេញ ដល់ប្រទេសទាំងពីរនិងតំបន់ទាំងមូល។
ស្ថាប័ននេះក៏បានអំពាវនាវឱ្យថៃដោះលែងជាបន្ទាន់នូវយុទ្ធជនកម្ពុជាទាំង១៨ រូប ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាន ដើម្បីបង្ហាញពីបំណង និងឆន្ទៈល្អ ក្នុងការលើកកម្ពស់ការទុកចិត្តគ្នាទៅវិញទៅមក និងការកសាងជំនឿទុកចិត្ត ដើម្បីសន្តិភាព និងស្ថិរភាពស្របតាមច្បាប់មនុស្សធម៌ និងច្បាប់អន្តរជាតិព្រមទាំងផ្តល់តម្លៃដល់ទស្សនៈវិស័យនៃការកសាងសហគមន៍អាស៊ាន ដែលត្រូវបានកសាងឡើងស្របតាមស្មារតីនៃសមភាព និងសន្តិសហវិជ្ជមាន។
សន្និសីទប្រធានសភានៃអន្តរសភា (ISC) នឹងបន្តតាមដានការវិវត្តន៍ថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃដោយយកចិត្តទុកដាក់ ហើយប្តេជ្ញាធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីដោះស្រាយការប្រឈមរួម និងលើកកម្ពស់គោលការណ៍នៃការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពរួម និងគុណតម្លៃរួមជាសកលដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងក្នុងអំឡុងសន្និសីទប្រធានសភានៃអន្តរសភាដែលបានប្រព្រឹត្តទៅនៅទីក្រុងអ៊ីស្លាមម៉ាបាដ សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន កាលពីថ្ងៃទី១១និង១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក Syed Yousaf Raza Gilani ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងជាប្រធានស្ថាបនិកសន្និសីទប្រធានសភានៃអន្តរសភា លោក Muhammad Shehbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក លោកស្រីជាប្រធានសភា អនុប្រធានសភា និងសមាជិកសភាមកពីជាង៤៥ប្រទេស។
សន្និសីទបានពិភាក្សាអំពីបញ្ហាសន្តិភាព និងសន្តិសុខរបស់ពិភពលោកដែលកំពុងរងការគំរាមកំហែងពី សង្គ្រាម នៅតំបន់នានារបស់ពិភពលោក គ្រោះមហន្តរាយធម្មជាតិជាដើម ដែលបានបង្អាក់ដល់ការអភិវឌ្ឍរបស់បណ្តាប្រទេសនានា និងសកលលោកទាំងមូល។
នាឱកាសនោះ លោក សួស យ៉ារ៉ា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានជម្រាបជូនអង្គសន្និសីទថា៖សន្តិភាពជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់កម្ពុជា ពីព្រោះកម្ពុជាបានឆ្លងកាត់នូវសង្គ្រាមស៊ីវិលដ៏ប្រល័យអស់ពេលជិត៣០ឆ្នាំ មុននឹងសម្រេចបានសន្តិភាពពេញលេញនៅចុងទសវត្សរ៍ទី៩០ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលនេះបានបង្ហាញពីឥទ្ធិពលនៃការសន្ទនា ការផ្សះផ្សារ និងពហុភាគីនិយម។ លើសពីនេះ កម្ពុជាបានដើរតួយ៉ាងសកម្មក្នុងការចូលរួមចំណែកថែរក្សាសន្តិភាពរបស់សកលលោកក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ ជាពិសេស កម្ពុជាបន្តអនុវត្តយ៉ាងម៉ត់ហ្មត់នូវគោលការណ៍ដែលឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមសន្តិភាពនៅទីក្រុងកូឡាឡាំពួរ៕

ដោយ ៖ សិលា









