ខេត្តសៀមរាប÷អនុវត្តតាមអនុសាសន៍ណែនាំ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំផ្ទាល់ពីលោក វរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប នៅថ្ងៃទី១៥ខែវិច្ឆិការនេះបានឃាត់ខ្លួនជនសង្ស័យ ១នាក់ ពាក់ព័ន្ធនឹងករណីហិង្សាមានស្ថានទម្ងន់ទោសប្រព្រឹត្តដោយសមាជិកគ្រួសារ ករណីកាប់ម្តាយដោយកាំបិតប៉័ងតោ។
គួរបញ្ជាក់ថា នៅថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២៥វេលាម៉ោង ១៧និង០០នាទី នៅចំណុចបន្ទប់ជួល ក្នុងផ្សារលើធំថ្មី ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីហិង្សាមានស្ថានទម្ងន់ទោសប្រព្រឹត្តដោយសមាជិកគ្រួសារ ករណីកូនប្រុសកាប់ម្តាយដោយកាំបិតប៉័ងតោ) បង្កឡើងដោយជនសង្ស័យឈ្មោះ កៃ កេង បានផឹកស្រាស្រវឹងហើយ ឈ្លោះពាក្យសំដីជាមួយប្អូនរបស់ខ្លួន ។
បន្ទាប់មកជនរងគ្រោះឈ្មោះ ហ.ស.ធ ដែលជាម្តាយបានចូលទៅឃាត់ជនសង្ស័យ តែក៏ត្រូវជនសង្ស័យយកកាំបិតប៉័ងតោ ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះជាម្តាយត្រូវក្បាលចំនួន៣កន្លែងដេរជាច្រើនថ្នេរ និងកាប់ត្រូវម្រាមដៃខាងឆ្វេង រយះកូនដៃ និងនាងដៃ បណ្តាលឲ្យហូរឈាមយ៉ាងខ្លាំង ក្រោយពីធ្វើសកម្មភាពហើយជនសង្ស័យបានគេចខ្លួន ។
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥វេលាម៉ោង១២និង៣០ នាទី កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បាននាំខ្លួនជនសង្ស័យខាងលើយកមកសួរនាំ។ ក្រោយពីសួរនាំជនសង្ស័យឆ្លើយសារភាពចំពោះមុខសមត្ថកិច្ច ថាខ្លួនពិតជាបានកាប់ទៅលើម្តាយពិតមែន ចំណែកកាំបិតខ្លួនបានបោះចោល( មិនចាំកន្លែងបោះចោល ) ។
ករណីនេះសមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ កៃ កេង ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប។ ជននេះមានប្រវត្តិទោសធ្លាប់ជាប់មណ្ឌលចំនួន១លើក រយៈពេល៣ខែ។
សមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជន សង្ស័យជាលទ្ធផល អវិជ្ជមាន ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី៕










