ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជានឹងផលិតអាវក្រោះការពារសុវត្ថិភាពបំពាក់លើខ្លួនកងទ័ព ហើយក៏អាចនាំចេញទៅក្រៅប្រទេសបើមានការបញ្ជាទិញ។
ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ជាមួយនឹងការធ្វេសប្រហែសមិនបានបំពាក់អាវក្រោះ និងមួកដែកការពារសុវត្ថិភាពដល់កងទ័ពកម្ពុជានេះ ដោយសម្តេចមិននឹកស្មានថា មានសង្គ្រាមជាមួយគ្នារវាងកម្ពុជា-ថៃនោះ កម្ពុជានឹងផលិតអាវក្រោះការពារសុវត្ថិភាពដើម្បីបំពាក់លើកងទ័ព ហើយក៏អាចនាំចេញទៅក្រៅប្រទេសផងដែរ បើមានការបញ្ជាទិញ។
សម្តេចតេជោបន្តថា ចំពោះការផលិតអាវក្រោះនេះ គឺសម្តេចនឹងធ្វើជាថៅកែតែម្តង ។
ក្នុងអំឡុងពេលផ្ទុះសង្គ្រាមរវាងកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកថា សាក សពខ្មោចដែលស្អុយនៅតាមព្រំដែនកម្ពុជា-ថៃ មិនមែនជារបស់ខ្មែរនោះទេ ព្រោះខ្មែរអត់មានបាត់ទ័ពទេ ហើយទ័ពខ្មែរក៏មិនបានចូលទៅដីគេដែរ។ ដូច្នេះ សូមពលរដ្ឋថៃខ្លួនឯងតាមរកកូន រកចៅ ដែលបានបាត់ខ្លួនទៅ៕
ដោយ ៖ សិលា










