ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦បើកសវនាការកាត់ទោស លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ក្រោមការចោទប្រកាន់ពីបទ ” បដិសេធក្នុងការចូលខ្លួន ” ដែលតុលាការចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ។
សវនាការនេះដឹកនាំដោយលោក កែវ មុនី ជាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ។
នាពេលសវនាការ ទាំងលោក កឹម សុខា និង ក្រុមមេធាវី ពុំបានបង្ហាញវត្តមានឡើយ ។ ប៉ុន្តែតុលាការ នៅតែបន្តសវនាការ ដោយយល់ឃើញថា នេះជាបទល្មើសមជ្ឈិម ហើយតុលាការបានជូនដំណឹងដល់លោកកឹម សុខា ក៏ដូចជាមេធាវីរួចរាល់ហើយ តែពួកគេមិនចូលមកដោយខ្លួនឯង ។
ពាក់ព័ន្ធករណីនេះ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ក្រោយបញ្ចប់សវនាការ លោកចៅក្រម កែវ មុនី បានសម្រេចប្រកាសសាលក្រម នៅរសៀលថ្ងៃទី៩ ខែកញ្ញា នេះផ្តន្ទាទោស៥ខែ និងពិន័យជាប្រាក់៨សែនរៀល ។
ស្របពេលដែលតុលាការកំពុងដំណើរការកាត់ទោសលោក កឹម សុខា នោះ ក្រុមអ្នកគាំទ្រប្រមាណជាង៥០នាក់ បានប្រមូលផ្តុំមុខតុលាការ ទាមទារឲ្យមានការទម្លាក់បទចោទប្រកាន់លើលោក កឹម សុខា ។ ប៉ុន្តែសមត្ថកិច្ចចម្រុះជាច្រើននាក់ បានមករៀបចំសណ្តាប់ធ្នាប់មុខតុលាការ ដើម្បីកុំឲ្យប៉ះពាល់នីតិវិធីរបស់តុលាការ ។
សមត្ថកិច្ច បញ្ជាក់ថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា បន្ទាប់ពីបុរសរូបនេះបានបង្កអសន្តិសុខមុខតុលាការ ដោយស្រែកឡូឡា និង លើកបដា ជាដើម ។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម ជាប់ចោទពីបទ ” បដិសេធក្នុងការចូលខ្លួន ” តាមមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ ដែលតុលាការចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ព្រោះកន្លងមក លោក កឹម សុខា ខកខានពីរលើកក្នុងការចូលបំភ្លឺតុលាការ ក្នុងនាមសាក្សីករណីសញ្ចារកម្មដែលមាននាងខុម ចាន់តារាទី ហៅស្រីមុំ ជាជនរងគ្រោះ ៕
ដោយ៖ ចេស្តា