ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចាត់លោក ទេព វិសាល ជាតំណាងចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភ ចំនួន ២លាន ២០ម៉ឺនរៀល ជូនដល់ប្អូនស្រីពលករខ្មែរ ធ្វើការនៅប្រទេសថៃ ហេីយត្រូវបានទាហានឈុតខ្មៅរបស់ថៃ រំលោភបំពានលើរាងកាយ យ៉ាងអមនុស្សធម៌ និងស្មោគគ្រោកបំផុត ក្នុងពេលនាង និងពលករខ្មែរប្រុសស្រី ជាង ១០នាក់ ធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាវិញកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
សូមជម្រាបថា នារីជាពលករខ្មែរម្នាក់(ជនរងគ្រោះ) ក្នុងចំណោមពលករជាង ១០នាក់ទៀត ត្រូវបានទាហានឈុតខ្មៅថៃមួយក្រុមមានគ្នា៧នាក់ ចាប់រំលោភ នៅពេលដែលចាកចេញពីប្រទេសថៃដើម្បីឆ្លងដែនចូលមកកម្ពុជានាយប់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ ខណៈមកដល់កម្ពុជានារីរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីស្វែងរកយុត្តិធម៌។
បើតាមលោកទូច សុឃៈ អ្នកនាំពាក្យរងក្រសួង មហាផ្ទៃបានបញ្ជាក់ថា ជានីតិវិធី និងជាវិធានការ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នឹងធ្វើបណ្តឹងទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិថៃ, ធ្វើបណ្តឹងតវ៉ាតាមរយៈទូត និងធ្វើបណ្តឹង តវ៉ាតាមរយៈអង្គការអន្តរជាតិ ដើម្បីឱ្យសមត្ថកិច្ចថៃតាមចាប់អ្នកប្រព្រឹត្តល្មើសមកអនុវត្តទោស ព្រោះនេះជាអំពើ មិនអាចទទួលយកបាន។ ដូច្នេះ កម្ពុជាទទូចឱ្យ សមត្ថកិច្ចថៃត្រូវចាប់ខ្លួនជនទាំង៧នាក់ និងអ្នកពាក់ព័ន្ធទាំងអស់យកមកផ្តន្ទាទោសនិងប្រកាសជាសាធារណៈដើម្បីឱ្យពិភពលោកបានដឹងថា ខ្លួនបានចាត់វិធានការទៅលើជនល្មើសដែលជាកងកម្លាំងរបស់ខ្លួន(ថៃ)។
សូមបញ្ជាក់ដែរថា៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកាម្សិលមិញនេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានផ្ដល់កិច្ចសម្ភាសជូនអ្នកសារព័ត៌មាន ជុំវិញករណីក្រុមទាហានឈុតខ្មៅថៃរំលោភរាងកាយ យុវតីខ្មែរ និងស្ថានភាពជនភៀសសឹក មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ! ៕
ជាមួយគ្នានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ៖“ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោស ដោយគ្មានការលើកលែង
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអំពើជា បន្តបន្ទាប់របស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា ដែលមានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ”។
អំពើទាំងនោះ បានចាប់ផ្តើមពីការរើសអើង ការគំរាមកំហែង និងការបង្កអំពើហិង្សាក្រោមរូបភាព ផ្សេងៗចំពោះពលករកម្ពុជា ដែលកំពុងធ្វើការក្នុងប្រទេសថៃ។ បន្ទាប់មក មានការប្រើប្រាស់បន្លាលួសព័ទ្ធ យកផ្ទះ ដី និងស្រែចម្ការប្រជាពលរដ្ឋកម្ពុជា និងការប្រើឧបករណ៍បំពងសំឡេងដែលមានលក្ខណៈជាការ ធ្វើទុក្ខបុកម្នេញ ដែលនាំឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តពលរដ្ឋស៊ីវិលកម្ពុជា ជាពិសេសទៅលើស្ត្រី កុមារ ជនមានពិការភាព និងអ្នកជំងឺ ជាដើម៕
ដោយ៖តារា










