ខេត្តព្រះសីហនុ÷ គិតត្រឹមថ្ងៃត្រង់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះមានផ្ទះពលរដ្ឋចំនួន១២៣៦ខ្នងផ្ទះហើយ ក្នុងស្រុកព្រៃនប់រងការខូចខាតដោយសារខ្យល់កន្ត្រាក់ចុងរដូវ។
សេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានឲ្យដឹងថា ចាប់ពីយប់ម៉ោងជាង៨ ថ្ងៃទី១៩ខែវិច្ឆិកា រហូតមកដល់ថ្ងៃត្រង់ ថ្ងៃទី ២០វិច្ឆិកា២០២៥នេះ ខ្យល់កន្ត្រាក់ចុងរដូវបានបោកបក់គ្របដណ្តប់មកលើបណ្តាឃុំមួយចំនួន ក្នុងស្រុកព្រៃនប់ ជាពិសេសឃុំទឹកថ្លា ឃុំទឹកល្អក់ ឃុំសាមគ្គី ឃុំវាលរេញ និងឃុំផ្សេងទៀតជាយ ជាប់ជើងភ្នំកំចាយបូកគោ ផ្លូវជាតិលេខ៣(កំពត-វាលរេញ ) ។
គិតត្រឹមម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២០ ខែវិច្ឆិកានេះ យោងតាមរបាយការណ៍បឋមពីមន្ត្រីមូលដ្ឋានបានឲ្យដឹងថាប្រជាពលរដ្ឋរស់នៅ តាមបណ្តាឃុំចំនួន ៦ ក្នុងស្រុកព្រៃនប់ បានទទួលរងគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់ បណ្តាលឱ្យរលំផ្ទះ របើកដំបូល ចំនួន១២៣៦ខ្នងផ្ទះហើយ ក្នុងនោះរបើកដំបូល ចំនួន ១២៣៥ផ្ទះ និងផ្ទះរលំដួល ១ខ្នង ខូចខាតស័ង្កសីចំនួន ៧៥០១សន្លឹក។
ក្រៅពីការដួលរលំ របើកដំបូលផ្ទះ និងខូចខាតសម្ភារៈមួយចំនួនរបស់ប្រជាពលរដ្ឋ ក៏មានការខូចខាត ដំបូលអគារសិក្សា៤ខ្នង(វិទ្យាល័យទួលកែវ ២ខ្នង, បឋមសិក្សាទួលកែវ ១ខ្នង, អនុវិទ្យាល័យសាមគ្គី ១ខ្នង) និងអគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទឹកល្អក់១ខ្នង។
គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានសហការគ្នាប្រើប្រាស់កម្លាំងចំរុះ ចុះជួយអន្តរាគមន៍ ជាមួយមន្ត្រីមូលដ្ឋានភូមិឃុំ និងតាមដានយ៉ាងយកចិត្តទុកដាក់ប្រចាំការក្នុងតំបន់រងគ្រោះខាងលើដើម្បីជួយប្រជាពលរដ្ឋ៕










