អន្តរជាតិ ៖ ចាប់តាំងពីការឡើងឋានៈរបស់ G20 ដល់កម្រិតប្រមុខរដ្ឋាភិបាលក្នុងឆ្នាំ ២០០៨ មក ប្រទេសចិនបានរួមចំណែក ប្រមូលផ្តុំក្រុមតួនាទីសហប្រតិបត្តិការ ក្នុងការដោះស្រាយវិបត្តិហិរញ្ញវត្ថុសកលនាឆ្នាំ២០០៨ ហើយប្រទេសចិនពិតជាបានជួយសង្គ្រោះពិភពលោកពីការធ្លាក់ចុះ និងបន្តផ្លាស់ប្តូរការយកចិត្តទុកដាក់បញ្ហាអតុល្យភាពនៃសេដ្ឋកិច្ចពិភពលោក ក្នុងឆ្នាំ ២០១០-២០១១។ កិច្ចប្រជុំ G20 កាលពីឆ្នាំ២០២៤ នៅទីក្រុង Rio de Janiero ប្រទេសចិនបានបង្ហាញតួនាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋ-កិច្ចសកលខាងត្បូង តាមរយៈយុទ្ធសាស្ត្រជាច្រើន ដើម្បីបង្កើនភាពរួមបញ្ចូល និងការរីកចម្រើនសម្រាប់ប្រទេសកំពុងអភិវឌ្ឍ។
កិច្ចប្រជុំកំពូល G20 សម្រាប់ឆ្នាំ២០២៥ នឹងត្រូវប្រព្រឹត្តទៅនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃ២២-២៣ ខែវិច្ឆិកានេះ ហើយចំពេលដែលសេដ្ឋកិច្ចសាកលលោកស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ដែលអាចជាគន្លឹះនៃដំណោះស្រាយ។ វត្តមានរបស់នាយក រដ្ឋមន្ត្រី ចិន នឹងផ្តល់សញ្ញាណថ្មី ដែលឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រ និង តួនាទីរបស់ប្រទេសចិន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យក្លាយជាកម្លាំងដ៏មានស្ថិរភាព សម្រាប់ដៃគូអភិវឌ្ឍន៍ជាពិសេសសម្រាប់សកលខាងត្បូង។ បើយើងក្រឡេកមើលលើកំណើនសេដ្ឋកិច្ចវិញនៅមានកំណើនយឺត ដែលផលិតផលក្នុងស្រុកសរុបរបស់ប្រទេស G20 បានកើនឡើងត្រឹមតែ 0.8% ក្នុងត្រីមាសទ១នៃឆ្នាំ២០២៥។ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសាលកខាងត្បូង ក៏ដូចជាសាកលោកឡើងវិញ ប្រទេសចិនមានតួនាទីសំខាន់ជាអ្នកជំរុញការរួមសហការអន្តរជាតិ ដែលជាការចាំបាច់សម្រាប់ប្រទេសអភិវឌ្ឍន៍ និង ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីចូលរួមដោះស្រាយនូវបញ្ហាសេដ្ឋកិច្ច និង បរិស្ថាន។ ជាមួយគ្នានេះដែរ ប្រទេសចិន ក៏ជាអ្នកផ្តល់ជំនួយនិងវិនិយោគតាមរយៈធនាគារអភិវឌ្ឍន៍និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្នុងការបង្កើតសមត្ថភាពសេដ្ឋកិច្ចនៅតំបន់អាស៊ី អាហ្វ្រិក និងអាមេរិកឡាទីនជាដើម ។ ជាក់ ស្តែង ចិនបានអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ជួយគាំទ្រប្រទេសកំពុងអភិវឌ្ឍ ក្នុងការបង្កើនសមត្ថភាពសេដ្ឋកិច្ច ដោយផ្តល់ជំនួយបច្ចេកវិទ្យា និង ឥណទានអភិវឌ្ឍន៍។ លើសពីនេះទៀត ចិនជាអ្នកជំរុញសមភាពនិងការរួមបញ្ចូល ដោយប្រទេសចិនបានគាំទ្រឱ្យប្រទេសសាកលខាងត្បូងមានសិទ្ធិចូលរួមក្នុងការសម្រេចចិត្តនៃសេដ្ឋកិច្ចសកល ជាពិសេសការចូលរួមក្នុងស្ថាប័នសេដ្ឋកិច្ចអន្តរជាតិ ដូចជា IMF, World Bank និង WTO ដើម្បីធានាថាការសម្រេចចិត្តមានភាពសមមូលនិងមិនត្រូវគ្រប់គ្រងដោយតែប្រទេសអភិវឌ្ឍន៍នោះទេ។
ចំពោះការរួមចំណែកក្នុងការប្រយុទ្ធនឹងបញ្ហាបរិស្ថានវិញ ចិនបានលើកឡើងពីដៃគូអភិវឌ្ឍន៍ បៃតង ដែលជួយប្រទេសសាកលខាងត្បូងឱ្យអភិវឌ្ឍដោយគោរពបរិស្ថាន និងប្រើប្រាស់បច្ចេកវិទ្យាបៃតង។ លើសពីនេះទៀត ចិនបានបង្កើតបណ្តាញសហការអភិវឌ្ឍន៍តាមរយៈគម្រោងខ្សែក្រវាត់និងផ្លូវ និង គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល ដោយសហការដែលភ្ជាប់ប្រទេសជាច្រើនក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល កសិកម្ម និងអប់រំ។
ការលូតលាស់ដ៏លឿននៃការច្នៃប្រឌិត ប្រទេសចិនគាំទ្រដល់សេដ្ឋកិច្ចពិភពលោក បានរួមចំណែកកំណើនថ្មី និងលើកកម្ពស់រចនាសម្ព័ន្ធកំណើនសេដ្ឋកិច្ចឌីជីថល ដើម្បីបង្កើនសក្តានុពលកំណើនរយៈពេលមធ្យម និងរយៈពេលវែង ដល់សេដ្ឋកិច្ច។ ម្យ៉ាងវិញប្រទេសចិននៅតែជាជើងឯកនៃសេដ្ឋកិច្ចពិភពលោកបើកចំហរ ដោយដាក់ពាណិជ្ជកម្ម និងការវិនិយោគ ខ្ពស់ ក្នុងG20 ។ កំណែទម្រង់អភិបាលកិច្ចត្រូវបានបន្តយកចិត្តទុកដាក់ គឺជាការទម្រង់ប្រព័ន្ធអភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក ជាពិសេសស្ថាប័នដែលមានស្រាប់ រួមមាន IMF ធានាគារពិភពលោក ក្នុង ការឆ្លុះបញ្ចាំងនៃ ទិដ្ឋភាពសេដ្ឋកិច្ចពិភពលោក។ តួយ៉ាងពាក់ព័ន្ធនឹងការបង្កើនតំណាងនិងសំឡេងនៃប្រទេសកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ ដើម្បីធានាបាននូវច្បាប់ និងឱកាសកាន់តែសមធម៌ ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ។
ភាពប្រាកដប្រជានៃសេដ្ឋកិច្ចប្រកបដោយស្ថិរភាពនៃសេដ្ឋកិច្ចរបស់ចិន បង្ហាញពីតួនាទីចិនក្នុងការបង្កើតគន្លងសេដ្ឋកិច្ចដ៏រឹងមាំនិងមានភាពប្រាកដប្រជា ទោះបីជាមានខ្យល់ព្យុះបក់បោកជាសកលក៏ដោយ ខណៈពេលដែលសេដ្ឋកិច្ចនៃប្រទេស G20 មួយចំនួនដូចជាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមានការធ្លាក់ចុះនៅឆ្នាំ២០២៥នេះ។ ជាក់ស្តែងគន្លងសេដ្ឋកិច្ចដ៏រឹងមាំនេះ បានបង្ហាញជាឧទាហរណ៍មួយអំពីទីក្រុងសិនចិន ដែលប្រែក្លាយពីភូមិនេសាទ និមិត្តរូបនៃការច្នៃប្រឌិតរបស់ប្រទេសសកលខាងត្បូង។ ធាតុដ៏សំខាន់ដែលពង្រឹងភាពប្រាកដប្រជានៃសេដ្ឋកិច្ចសាកលនេះ មានដូចជា ទី១ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ២.០ ដោយផ្តោតលើគុណភាពខ្ពស់ និង និរន្តរភាព ទី២ បច្ចេកវិទ្យា និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ពិសេសលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបច្ចេកវិទ្យាបៃតង ទី៣ ស្ថិរភាពក្នុងស្រុក ជាយុថ្កាសកល កំណត់ជម្រើសថ្មីនៃការដឹកនាំដោយលោកខាងលិច។
ប្រទេសចិនចាត់ទុកកិច្ចប្រជុំ G20 ថាជាវេទិកាចម្បងសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ និងជាវេទិកាដ៏សំខាន់សម្រាប់អភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក ដែលសង្កត់ធ្ងន់លើការច្នៃប្រឌិត ការបើកចំហ ការតភ្ជាប់ទៅវិញទៅមក និងការអភិវឌ្ឍន៍រួម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចពិភពលោកដ៏រឹងមាំ ប្រកបដោយចីរភាព និងតុល្យភាព ខណៈពេលដែលក៏បង្កើនសំឡេងនិងតំណាងឱ្យទីផ្សារដែលកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងទិដ្ឋភាពនៃស្ថាបត្យកម្មហិរញ្ញវត្ថុសកល។
សរុបមក គន្លងផ្លូវសេដ្ឋកិច្ចថ្មីរបស់ប្រទេសចិន សម្រាប់ប្រទេសសកលខាងត្បូង ជាសមាសធាតុសំខាន់នៃគោលនយោបាយការបរទេស និង គោលនយោបាយសេដ្ឋកិច្ច ដែលមានគោលបំណងបង្កើនឥទ្ធិពលជាសកល និងជំរុញឱ្យមានសណ្តាប់ធ្នាប់អន្តរជាតិថ្មី ដែលមានលក្ខណៈរួមបញ្ចូលជាក្រុម ហើយឱ្យស្របតាមចក្ខុវិស័យនៃវិបុលភាពរួម និង សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ដែលប្រទេសសកលខាងត្បូងគួរតែចាប់យកឱកាស និង ការចូលរួមឱ្យបានជាអតិប្បរមា ដើម្បីប្រែក្លាយមុខថ្មីនៃសេដ្ឋកិច្ចជាតិរបស់ខ្លួន។
ដោយ ៖ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធាន វិទ្យាស្ថាន សិក្សា ចិន នៃ រាជបណ្ឌិត្យ សភា កម្ពុជា










