ភ្នំពេញ ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥អញ្ជើញដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រសួងការពារជាតិ ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដែលបានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១១:៣០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៨៣ឆ្នាំ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានថ្លែងថា ៖ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកមរណទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបានចំពោះការបាត់បង់ដ៏ធំធេងនេះ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមបីបាច់ថែរក្សាដល់ ដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម នុត សាអាន សូមដល់ឋានបរមសុខ និងឆាប់បានយោនយកកំណើតកើតក្នុងសុគតិ ភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕













